(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ គឺជាដំណើរការប្រែប្រួលបន្តិចម្តងៗនៃអាកាសធាតុក្នុងរយៈពេលវែង រួមមានការប្រែប្រួលសីតុណ្ហភាព ស្ថានភាពទឹកភ្លៀង របបខ្យល់ ឬគម្របទឹកកកជាដើម។ ការប្រែប្រួលអាកាសធាតុកើតឡើងដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ ការប្រែប្រួល អាកាសធាតុ ក៏សម្ដៅ ទៅលើការប្រែប្រួលខ្លាំង និងជាលក្ខណៈយូរអង្វែងនៃសីតុណ្ហភាពមធ្យមរបស់ភពផែនដី។ វាអាចជាការធ្លាក់ចុះ ឬក៏ជាការកើនឡើងនៃសីតុណ្ហភាពមធ្យម ដែល វាស់ស្ទង់ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា។
ការប្រែប្រួលអាកាសធាតុកើតពីសកម្មភាពរបស់មនុស្ស មានដូចជា ការដុតហ្វូស៊ីល ការដុតប្រេងឥន្ធនៈ ការកាប់បំផ្លាញព្រៃឈើ ការប្រើប្រាស់ដីកសិកម្ម កសិកម្ម ការប្រើប្រាស់ជីនិងថ្នាំកសិកម្ម និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនទៅក្នុងបរិយាកាសផែនដី។
ការប្រែប្រួលអាកាសធាតុរបស់ភពផែនដីអាចកើតឡើងពីមូលហេតុធម្មជាតិ។ ការប្រែប្រួលអាកាសធាតុនោះ កើតពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុង បរិយាកាសរាំងស្កាត់កម្ដៅដែលផ្លាតចេញពីផ្ទៃផែនដីឱ្យនៅក្នុងបរិយាកាសកាន់តែច្រើន ដែលជាមូលហេតុនៃកំណើនកម្តៅសកល។ ឧស្ម័នផ្ទះកញ្ចក់ (Greenhouse effect ឬ GHGs) សំខាន់ៗនៅក្នុងបរិយាកាស រួមមាន ចំហាយទឹក ឧស្ម័នកាបូនិច (CO2) មេតាន (CH4) ឌីអាសូតម៉ូណូអុកស៊ីត (N2O) អ៊ីដ្រូហ្គុយអរ៉ូកាបូន (HFCs) ពែរហ្គុយអរ៉ូកាបូន (PFCs) ស៊ុលភូអិចសាក្លរូ (SF6)។
ជាមួយគ្នានេះដែរ ដើម្បីបញ្ច្រាបពីការយល់ដឹងបន្ថែមពីការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធ បានរៀបចំវគ្គបណ្តុះ បណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន ដើម្បីតម្រង់ទិសក្នុងការសរសេរអត្ថបទឱ្យបានត្រឹមត្រូវតាមបច្ចេកទេសពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងឱកាសបើកសិក្ខាសាលាលោកបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងនៅគោលបំណង ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន និងផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជននិងស្ថាប័នពាក់ព័ន្ធឱ្យមានការយល់ដឹង និងផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ។
លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពអ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន មានសារៈសំខាន់ណាស់។ ខ្ញុំសង្ឃឹមថាសិក្ខាសាលារយៈពេល៣ថ្ងៃនេះ អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នឹងទទួលបាននូវចំណេះដឹង និងជំនាញប្រាស្រ័យទាក់ទងប្រកបដោយវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនូវការផ្សព្វផ្សាយព័ត៌មាន ដែលពាក់ពន្ធ័ទៅនឹងការប្រែប្រួលអាកាសធាតុ និងរាប់បញ្ចូលបរិយាប័ន្នសង្គម និងសមភាពយេនឌ័រ(GESI) របៀបតែងអត្ថបទ និងរបៀបរាយការណ៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងទម្រង់ប្រព័ន្ធផ្សព្វផ្សាយពត៌មាន ជាពិសេស ការផ្សព្វផ្សាយរបាយការណ៍អំពីការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធផ្សព្វផ្សាយពត៌មានសាធារណៈ និងទូរទស្សន៍ជាតិរួមមានទិដ្ឋភាពនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការយល់ដឹងអំពីភាពងាយរងគ្រោះតាមវិស័យអាទិភាពដូចជា កសិកម្ម វិស័យធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ»។
លោក ជួប ប៉ារីស៍ បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន២,៥ភាគរយ នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨ភាគរយ នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ។ ដូចច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធនធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវិធានការ និងយន្តការមួយចំនួនរួចហើយ ក្នុងនោះសន្និសីទកំពូលលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP29) នៅទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ផែនការជាតិបន្ស៊ាំ បានផ្សព្វផ្សាយនូវសកម្មភាពសំខាន់ៗចំនួន៣ រួមមានទី១៖ ដំណើរការផែនការជាតិបន្ស៊ាំនៅកម្ពុជាឆ្នាំ២០១៧, ទី២៖ ក្របខ័ណ្ឌហិរញ្ញប្បទានផែនការជាតិបន្ស៊ាំឆ្នាំ២០១៧ និង៣៖ យុទ្ធសាស្ត្រទំនាក់ទំនងផែនការបន្ស៊ាំថ្នាក់ជាតិកម្ពុជាឆ្នាំ២០១៨។ ដំណើរការផែនការបន្ស៊ាំថ្នាក់ជាតិទាំង៣ខាងលើនេះ ត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណភាពងាយរងគ្រោះក្នុងវិស័យសំខាន់ៗ និងបានរៀបចំបញ្រ្ជាបផែនការបន្ស៊ាំទាំងនេះទៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕