(កោះកុង)៖ លោក សាំង សេងឃី ប្រធានសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ម្ហូបអាហារដែលអាជីវករដាក់លក់នៅទីផ្សារដងទង់ ក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក សាំង សេងឃី បានឲ្យដឹងថា ការចុះពិនិត្យសុវត្ថិភាពទំនិញនៅតាមលំនៅឋាន និងក្នុងទីផ្សារ និងម្ហូបអាហារនៅក្នុងផ្សារដងទង់នេះ គឺមន្ត្រីជំនាញបានធ្វើតេស្តបឋមដើម្បីស្វែងរកសារធាតុហាមឃាត់ Formalin ក្នុងមឹក ត្រី សាច់ បង្គា ខ្យង បន្លែផ្លែឈើ រួមទាំងស្លាដកសម្រាប់ប្រគេនព្រះផងដែរ។
ការធ្វើតេស្តស្វែងរកសារធាតុគីមីនៅក្នុងត្រី សាច់ បន្លែ គ្រឿងឧបរិភោគបរិភោគ ផ្លែឈើគ្រប់ប្រភេទ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formalin នោះទេ។ លោកបញ្ជាក់ថា ក្នុងករណីរកឃើញ នឹងធ្វើការដកហូតយកមករក្សាទុកបំផ្លាញចោល និងធ្វើការណែនាំឲ្យអាជីវករទាំងអស់ មុននាំចូល ឬទិញលក់ត្រូវត្រួតពិនិត្យមើលរាល់មុខទំនិញ ដែលនាំមកចែកចាយក្នុងទីផ្សារនៅថ្ងៃខែឆ្នាំផលិត និងក្រុមហ៊ុនឲ្យច្បាស់លាស់។
លោក សាំង សេងឃី បានបញ្ជាក់ថា ក្រោយពីមានការចុះត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយពន្យល់របស់មន្ត្រី ក.ប.ប ជាប្រចាំមកឃើញថា អាជីវករ និងប្រជាពលរដ្ឋមានការយល់ដឹងបានច្រើនពីគុណភាពទំនិញ និងម្ហូបអាហារ។
ពលរដ្ឋអ្នកទៅទិញម្ហូបអាហារ បានលើកឡើងថា មុនទិញមុខទំនិញអ្វីមួយ គាត់ត្រូវត្រួតពិនិត្យមើលថ្ងៃខែឆ្នាំផលិត ឲ្យបានច្បាស់មុនទិញយកទៅបរិភោគផ្គត់ផ្គង់ក្នុងគ្រួសារ ពីព្រោះសុខភាពសំខាន់ណាស់៕