(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដើម្បីឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចដាក់ឱ្យអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
សេចក្តីព្រាងអនុក្រឹត្យ និងប្រកាសនោះរួមមាន៖ ១. សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការប្តឹងនិងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម ២. សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម និង ៣. សេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម។
សិក្ខាសាលាដែលរៀចំឡើងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ បានដឹកនាំដោយលោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ គោលបំណងនៃការៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់រៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងនេះ ឱ្យកាន់តែមានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពជាមួយលិខិតបទដ្ឋានគតិយុត្តជាធរមានដទៃទៀត។
លោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលត្រូវបានប្រសិទ្ធនាមថា«គណនេយ្យភាពសមិទ្ធកម្ម» ដែលមានគោលដៅឆ្ពោះទៅរក «ការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាពីប្រព័ន្ធផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ»។ ក្នុងនោះដែរ ការបន្តការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ គឺជាគោលបំណងដ៏សំខាន់មួយ ដើម្បីបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៤នេះ តាមរយៈការបន្តកែលម្អដំណើរការនៃការអនុវត្តលទ្ធកម្មសាធារណៈ ការបន្តធ្វើស្វ័យប្រវត្តិកម្មនីតិវិធីនៃការអនុវត្តលទ្ធកម្មសាធារណៈ តាមប្រព័ន្ធ FMIS និងការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងធ្វើការកែសម្រួល និងរៀបចំបង្កើតថ្មីនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ជាបន្តបន្ទាប់សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (ឆ្នាំ២០២៣)។ ក្នុងនោះ មានប្រកាសចំនួន ៣ ត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុម័ត និងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនាពេលកន្លងមក។ បន្ថែមពីលើប្រកាសទាំង៣នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានរៀបចំនូវសេចក្តីព្រាងអនុក្រឹត្យចំនួន២ និងសេចក្តីព្រាងប្រកាសចំនួន ១ បន្ថែមទៀត ដែលបានយកមកពិនិត្យពិភាក្សានៅក្នុងអង្គសិក្ខាសាលានាពេលនេះ។
លោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានថ្លែងថា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានភារកិច្ចរៀបចំបង្កើតថ្មី កែសម្រួលនិងបំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនក្នុងនោះមានអនុក្រឹត្យចំនួន ៦ និងប្រកាសចំនួន ២៣។ កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំនិងដាក់ឱ្យអនុវត្តប្រកាសចំនួន ៣ រួចហើយ។ សម្រាប់ពេលនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ បន្ថែមទៀតសម្រាប់ដាក់ជូនអង្គសិក្ខាសាលាពិនិត្យនិងពិភាក្សា។
អង្គសិក្ខាសាលាបានចូលរួមជាមតិយោបល់ ផ្តល់ការពិគ្រោះយោបល់យ៉ាងផុសផុល លើកជាសំណួរ និងលើកជាអនុសាសន៍ល្អៗ ដើម្បីឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចដាក់ឱ្យអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបូកសរុបលទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលានាព្រឹកនេះ ដើម្បីពិនិត្យពិចារណាកែលម្អសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំង ៣ ខាងលើ ក៏ដូចជាការៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈដទៃទៀត ដើម្បីគាំទ្រនិងជំរុញដល់ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ សំដៅធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ៕
https://image.freshnewsasia.com/2021//fn-2024-09-25-14-53-28-0.JPG https://image.freshnewsasia.com/2021//fn-2024-09-25-14-53-31-1.JPG https://image.freshnewsasia.com/2021//fn-2024-09-25-14-53-35-2.JPG https://image.freshnewsasia.com/2021//fn-2024-09-25-14-53-38-3.JPG