(ចិន)៖ តបតាមការអញ្ជើញរបស់លោក Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួម វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Li Xiaopeng រដ្ឋមន្រ្តីដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីដឹកជញ្ជូនពីប្រទេសចំនួន៣០ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូបផងដែរ។
វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ «ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ឡូជីស្ទីកដែលតភ្ជាប់ទៅកាន់ពិភពលោក» (Sustainable Transport: Logistics Connecting the World) ដោយលើកឡើងពីបញ្ហាប្រឈមនានាដូចជា ការកកើតនូវជំងឺរាតត្បាតថ្មីៗ ការប្រែប្រួលអាកាសធាតុ អតុល្យភាពនៃការអភិវឌ្ឍ និងភាពយឺតយ៉ាវក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព។
វេទិកាក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន និងភាពចាំបាច់ក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែលមាននិរន្តភាព ភាពធន់ បរិយាប័ន្ន ប្រសិទ្ធភាព សុវត្ថិភាព ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព។
ថ្លែងក្នុងសុន្ទរកថាគន្លឹះលោក ប៉េង ពោធិ៍នា បានលើកឡើងពីគោលនយោបាយ ចក្ខុវិស័យ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីកប្រកបដោយចីរភាព សំដៅលើកកម្ពស់ការតភ្ជាប់របស់កម្ពុជាទាំងក្នុងផ្ទៃប្រទេស និងខាងក្រៅ ដែលឈានដល់ការកាត់បន្ថយផលប៉ះពាល់បរិសា្ថន តម្លៃដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមាហរណកម្មកម្ពុជាក្នុងតំបន់ និងសកលលោក ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។
សូមជម្រាបថា វេទិកាសកលស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាវេទិកាកម្រិតសកលដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រសួងដឹកជញ្ជូននៃប្រទេសចិនចាប់តាំងពីឆ្នាំ២០២១ ក្នុងគោលបំណងពិគ្រោះ និងពិភាក្សាក្នុងចំណោមតំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគ្រិន និងអង្គការអន្តរជាតិ ដើម្បីរិះរកវិធីសាស្រ្ត និងដាក់ចេញនូវផែនការសកម្មភាពនិងគំនិតផ្តួចផ្តើមនានា សំដៅពង្រឹងកិច្ចប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕