(កំពង់ឆ្នាំង)៖ អគារសម្រាកមុនពេលសម្រាល, ពេលសម្រាល និងក្រោយសម្រាល មួយខ្នងស្ថិតក្នុងភូមិក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ NPO AOZORA របស់ជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គការ NPOAOZORA និងប្រជាជនជប៉ុន ដែលជាសប្បុរសជនក្នុងការរួមចំណែក កសាងអគារសម្រាលមួយខ្នងនេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅអគារសម្រាលមួយខ្នងខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ-ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋជាច្រើនរូប។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត និងក្នុងនាមប្រជាជននៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែងទាំងមូល បានសម្ដែងក្តីសោមនស្សរីករាយប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ក្នុងការចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលថ្មីជាអគារសម្រាក មុនពេលសម្រាល ពេលសម្រាល និងក្រោយសម្រាល ដែលជាអំណោយដល់សប្បុរសរបស់ប្រជាជនជប៉ុន តាមរយៈអង្គការ NPO AOZORA។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា អំណោយដ៏សប្បុរសរបស់ប្រជាជនជប៉ុន តាមរយៈអង្គការខាងលើនេះ គឺធ្វើការសាងសង់ដោយចំណាយទឹកប្រាក់អស់១២,៧០៩ដុល្លារ ក្នុងនោះក៏មានផ្ដល់ជូននូវសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុងអាគារសម្រាលមួយ។ មណ្ឌលសុខភាពនៅក្នុងឃុំស្វាយរំពារនេះ មានបុគ្គលិកសរុបចំនួន៩នាក់ ស្រី៦នាក់ ឆ្មប៣នាក់ គិលានុបដ្ឋាកបឋម៦នាក់ មណ្ឌលសុខភាពនេះផងដែរទទួលស្ត្រីសម្រាលកូនជាមធ្យមពី២០ ទៅ២៥នាក់ក្នុងមួយខែៗ។
លោកបន្ដថា ចំពោះសេវាថែទាំសុខភាពមាតា និងទារកមានសារៈសំខាន់ណាស់ ប្រជាជននិងទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពខ្ពស់មានសុវត្ថិភាព និងមានបរិស្ថានការងារល្អជួយពង្រីកកន្លែង ដើម្បីផ្ដល់សេវាប្រកបដោយអនាម័យល្អ ការថែទាំផ្ទៃពោះមុនសម្រាលថែទាំការសម្រាល គឺជាការអន្តរាគមន៍ជាសារវ័នដើម្បីលើកកម្ពស់សុខភាពមាតា និងទារក និងកាត់បន្ថយអត្រាមរណភាពមាតា និងទារក។
ទន្ទឹមនឹងនេះស្ត្រីទាំងអស់គួរត្រូវចូលរួមថែទាំផ្ទៃពោះឲ្យបានច្រើនដង ចាប់ពីពេលបាត់រដូវភ្លាម នៅប្រទេសកម្ពុជាយើងជាគោលការណ៍បានណែនាំឲ្យស្ត្រីមានផ្ទៃពោះត្រូវថែ ទាំពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងហោចណាស់៤ដង ក្នុងពេលដែលមានផ្ទៃពោះ ស្ត្រីគួរស្វែងរកការសម្រាលកូនដោយធ្មបជំនាញនៅមណ្ឌលសុខភាព៕