(ភ្នំពេញ)៖ ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំ មុខកាត់ទំហំ៤ម៉ែត្រ គុណ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០ កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋាន កាលពីថ្ងៃ១៩ ខែសីហា កន្លងមក គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាមួយនឹងការអ៊ុតកៅស៊ូពីលើផងដែរ នៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។
មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះទៀតថា ការដ្ឋានដាក់លូខ្នាតធំនេះ ក្រោយស្ថាបនារួចរាល់ អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀង នៅតំបន់ម៉ុងឌីយ៉ាល់ បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សា។
មន្ត្រីដដែលបានបញ្ជាក់ថា ការដ្ឋាននេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន ដែលមានការផ្គត់ផ្គង់ និងដំឡើងលូជ្រុង មុខកាត់ទំហំ៤ម៉ែត្រ កំពស់២ម៉ែត្រ ។
មន្ត្រីដដែល បានបន្តទៀតថា ការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រ គុណ២ម៉ែត្រ មានប្រវែង១៩៧ម៉ែត្រ បានដំណើរការ កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច នៅតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ជាគម្រោងរបស់ថ្នាក់ជាតិអនុវត្ត ដោយក្រុមហ៊ុន Precast Plants នេះដែរ។
ដោយឡែក ការដ្ឋានដាក់លូប្រអប់ ទំហំ ៤ម៉ែត្រ គុណ២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ័សែនជ័យ និងគម្រោងស្ថាបនាជញ្ជាំងបេតុង នៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយក្រុមហ៊ុន Precast Plants នេះដែរ នោះក៏ស្ថិតក្នុង គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕