(រតនគិរី)៖ លោក គុជ ចិន្តា នាយករងរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា លោកឧកញ៉ា ចិន សុផាត (សំណាង) និងលោកស្រី ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា២,៥០០ដុល្លារ ដល់រដ្ឋបាលខេត្តរតនគិរី សម្រាប់រៀបចំកែលម្អនៅរមណីដ្ឋានបឹងកន្សែង។
លោក គុជ ចន្តា បានបន្តថា កាលពីពេលកន្លងទៅលោកឧកញ៉ា ចិន សំណាង បានឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនដល់រដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការផងដែរ។
សូមបញ្ជាក់ថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្តាលបេះដូង ក្រុងបានលុង នៃខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីដ្ឋានស្អាត សោភ័ណភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញ បន្ទាប់ពីលោក ញ៉ែម សំអឿន អភិបាលខេត្ត បានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖
* កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង
* រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ
* សាងសង់រូបសំណាកគ្រួសារដំរី
* រូបសត្វអកញីឈ្មោល១គូ ដែលជាសត្វបក្សីរំលេច ក្នុងបទចម្រៀងអធិរាជសម្លេងមាស (អកបឹងកន្សែង)
* ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ ឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង
* ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា ដែលបានឧបត្ថម្ភថវិកាសម្រាប់ចាត់ចែងរៀបចំកែលម្អសោភ័ណភាព នៅរមណីបឹងកន្សែងនាពេលនេះ និងសប្បុរសជនដទៃទៀត ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមចំណែកដល់គម្រោងខាងលើនេះ ឲ្យសម្រេចបានលទ្ធផលល្អ ពោលគឺរួចរាល់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខនេះ។
លោក ញ៉ែម សំអឿន បានបញ្ជាក់ថា គម្រោងកែលម្អរមណីបឹងកន្សែង គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ដជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពបានថែមមួយកម្រិតទៀត៕