(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃពុធទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បាននាំយកផលិតផលបារី មិនអនុលោម តាមច្បាប់បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន៣៤៦កេស ទៅបំផ្លាញចោល នៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួម សហការជាមួយនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ផលិតផលបារី ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមក និងយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារ សុខុមាលភាពប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផលិតផល ប្រកបដោយគុណភាព សុវត្ថិភាព។
អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំមន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដានស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវ ស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោម ទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន៕