(ស្ទឹងត្រែង)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ចុះសួរសុខទុក្ខ និងបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នាឱកាសពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។
អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ និងមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាពេលនោះ រួមមាន៖ អង្ករ មី ប្រេងឆា ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខកំប៉ុង ទឹកដោះគោខាប់ ស្ករស ប៊ីចេង អំបិល ឆៃប៉ូវប្រៃ ខ្ទឹមស ទឹកក្រូចចម្រុះ និងទឹកបរិសុទ្ធ ព្រមទាំងឧបត្ថម្ភ ជូនកងទ័ពនៃយោធភូមិភាគទី១ ជាថវិកាចំនួន ២៥លានរៀល និងមានការរួមចំណែកពី អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អាន ម៉ារឌី គ្រុប ផ្ដល់ថវិកាជួសជុលអគារស្នាក់នៅរបស់កងទ័ព ១ខ្នង តម្លៃ២ពាន់ ៥០០ដុល្លារ ឃ្លាំងសម្ភារៈ ១ខ្នង តម្លៃ ២ពាន់ ៥០០ដុល្លារ និងអាគុយកម្លាំង ១០០អំពែ ២០ធុង ដែលសរុបទឹកប្រាក់អស់ ៦១លាន ៤សែន ៧០០០ដុល្លារអាមេរិក ដើម្បីរួមចំណែកក្នុងកិច្ចការពារជាតិ ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
លោកបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចទាំងពីរបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ និងគិតគូដល់សុខភាព និងជីវភាពរស់នៅរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងនៅសមរភូមិមុខ និងក្រុមគ្រួសារទ័ពនៃយោធភូមិភាគទី១ ក៏ដូចនាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដី៕