(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មាន បានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ខណៈមកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ក្បាលហើយ។
លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ក្បាលហើយ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រកបអាជីពសារព័ត៌មាន និងត្រូវបានអ្នកសារព័ត៌មានដាក់តាមខ្លួនជាប្រចាំ ខណៈអ្នកសារព័ត៌មានផ្សេងទៀតបានប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក»។
ត្រង់ចំណុចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈ នៃការគោរពតួនាទីនិងករណីយកិច្ចក្នុងអាជីពសារព័ត៌មាន និងការគាំទ្រយ៉ាងពេញលេញដល់ការអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានពីសំណាក់តួអង្គក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។
លោកបានគូសបញ្ជាក់ថា ការអនុវត្តយ៉ាងពេញលេញនេះគឺដោយសារតែអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងអំពីសារៈសំខាន់នៃការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈនេះក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារ គុណតម្លៃវិជ្ជាជីវៈ និងធានាប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។
សូមរំលឹកជូនជាថ្មីថា អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ អាចស្នើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែបំពេញព័ត៌មានក្នុងទម្រង់ស្នើសុំអនឡាញ។ សម្រាប់ការស្នើសុំទាំងអស់ ក្រសួងព័ត៌មាននឹងរៀបចំការប្រគល់ជូនក្នុងពេលឆាប់ៗនេះ។ ដូច្នេះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សូមចូលទៅកាន់ទម្រង់ស្នើសុំអនឡាញតាមរយៈ QR Code ដែលអាចរកឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋនិងឯកជន៕