(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី, មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។

ជាមួយគ្នានេះ ពាក់ព័ន្ធជនអន្តោប្រវេសន៍ លោក ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់លើការគ្រប់គ្រងជនឥន្តោប្រវេសនន៍អោយបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនមានការរើសអើងថាជាជនជាតិណាឡើយ។

នាឱកាសនោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សំរាប់បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់ កម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំង ចំនួន៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការ បង្ការទប់ស្កាត់គ្រោះអគ្គីភ័យជាដើម។

ជុំវិញការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបើកកិច្ចប្រជុំនៅតាម បណ្តាខណ្ឌទាំងអស់ ដើម្បីអោយមន្ត្រីរបស់យើងបានយល់ច្បាស់ពីការសម្រេចនេះ ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានយល់ពីការដកខ្លួនចេញពី (CLV-DTA) នេះអោយបានច្បាស់។

លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលយើងបានដកខ្លួនចេញពី (CLV-DTA) មែន តែរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីភាពរីកចំរើនរបស់ប្រជាពលរដ្ឋនៅតាមបណ្តោខេត្តជាប់ព្រំដែន។

លោក ឃួង ស្រេង បានបន្តទៀតថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល មិនធ្លាប់មានកំហុសឆ្គងម្តងណាឡើយ ក្នុងរយៈពេល៤៥ឆ្នាំ ត្រូវពន្យល់ប្រជាពលរដ្ឋអោយបានយល់និងជឿទុកចិត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕