(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ផែនការបន្តកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម(SMEs) លើឧស្សាហកម្ម ៤.០ ដើម្បីបានជាទុនសម្រាប់ម្ចាស់សហគ្រាសយកទៅអភិវឌ្ឍន៍រោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើឡើងថែមទៀត និងឱ្យស្របតាមបរិបទឧស្សាហកម្ម ៤.០។
ថ្លែងនៅសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«តម្រូវការជំនាញរបស់សហគ្រិនក្នុងបរិបទឧស្សាហកម្ម ៤.០» ដែលបានរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលចិនក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង(LMC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងធ្វើការពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម ដើម្បីបានស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ សហគ្រិនដែលជាម្ចាស់SMEs ទាក់ទងបញ្ហាប្រឈមនានា ចំណេះដឹង ជំនាញបច្ចេកទេសនានា ដើម្បីក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាគម្រោង រៀបចំផែនការសកម្មភាពសម្រាប់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព ដល់បងប្អូនដែលជាម្ចាស់រោងចក្រ សហគ្រាស ដើម្បីបានជាទុនសម្រាប់យកទៅអភិវឌ្ឍន៍រោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើឡើងថែមទៀត និងឱ្យស្របតាមបរិបទឧស្សាហកម្ម ៤.០។
លោក ពៅ វណ្ណដា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៤៤,៤៩៦ មូលដ្ឋាន ក្នុងនោះសហគ្រិនស្ត្រី ចំនួន ៨,២១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណចំនួន ៤៧២,៣២៨ នាក់ (ស្ត្រី ១៤២,៥៦៣នាក់)។
លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះផលិតផលរបស់SMEs មួយចំនួនធំមានការលំបាកក្នុងការប្រកួតប្រជែងដើម្បីឈានចូលទីផ្សារទាំងក្នុង និងក្រៅតំបន់ ដោយសារស្តង់ដាផលិតផល ការទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ទុនវិនិយោគ និងការគាំទ្ររបស់ស្ថាប័ននានានៅមានកម្រិតនៅឡើយ។
លោកមានប្រសាសន៍ថា ដើម្បីធានាការប្រកួតប្រជែងក្នុងទីផ្សារក្នុងនិងក្រៅតំបន់ សហគ្រាសធុនតូច និងមធ្យមត្រូវទទួលយកបច្ចេកវិទ្យាឌីជីថល និងទទួលយកគោលការណ៍ឧស្សាហកម្ម ៤.០ ។ ហេតុដូចនេះទើបកម្មវិធីបណ្តុះបណ្តាល ការផ្វពផ្សាយបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីគាំទ្រនានាត្រូវបានដាក់ចេញ សំដៅឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទទួលបាននូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម ៤.០ និងកែលម្អប្រតិបត្តិការរបស់ខ្លួន។
លោកបន្ថែមថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ឌីជីថលកម្មក៏ដោយ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើននៅតែខ្វះការយល់ដឹង ជំនាញ និងធនធាន ដើម្បីទទួលយកបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នេះ។
លោកលើកឡើងថា ការអនុវត្តគម្រោងស្តីពី «ការកែលម្អកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាព SMEs និងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើឧស្សាហកម្ម ៤.០ នៅក្នុង LMC» ចាំបាច់ត្រូវតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការ និងសមត្ថភាពផលិតកម្ម ដោយការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងបរិបទឧស្សាហកម្ម ៤.០ នៅក្នុង LMC ។ ជាពិសេស គម្រោងនេះនឹងបង្កើតវគ្គបណ្តុះបណ្តាលដែលចាំបាច់សម្រាប់ការកសាងសមត្ថភាព SMEs លើឧស្សាហកម្ម ៤.០ ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុង LMCs ។ លើសពីនេះ តាមរយៈគម្រោងនឹងកំណត់ពីតម្រូវការជំនាញសម្រាប់ SMEs និងការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីចាំបាច់ ដែលជំរុញការយល់ដឹងពីឌីជីថលកម្ម ការបង្កើតវេទិកាជំនួបអាជីវកម្មរវាង SMEs និងកិច្ចសហប្រតិបត្តិការជិតស្និតនៃ SMEs កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សំដៅបង្កើនផលិតភាពត្រឹមតែប៉ុណ្ណោះទេ ថែមទាំងជំរុញការចូលទៅកាន់ទីផ្សារថ្មីផងដែរ។ លទ្ធផលរំពឹងទុកដ៏សំខាន់បំផុតមួយទៀតនៃគម្រោងនេះ គឺការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មក្នុងតំបន់ ជាមួយនឹងការសហការជាមួយសហគ្រាសធុនតូច និងមធ្យម ដែលភាពជាដៃគូសាធារណៈឧស្សាហកម្ម-សិក្សា នឹងក្លាយជាគំរូដ៏ល្អ មួយក្នុងការជំរុញកំណើននៃការចាប់ផ្តើមអាជីវកម្មនៅក្នុង LMCs ។
បើតាមលោក ពៅ វណ្ណដាគម្រោងនេះ ចាប់ផ្តើមអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ៕