(មណ្ឌលគិរី)៖ តំបន់ព្រៃកប់សព (ខ្មោច) របស់ប្រជាជនជាតិដើមភាគតិច ត្រូវបានបន្តការគោរពយ៉ាងខ្ជាប់ខ្ជាន់ នៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដង។ សម្រាប់ព្រៃកប់ស​ពក្នុងជំនឿជនជាតិដើមភាគតិច គឺសម្រាប់តែកប់ស​ពមួយមុខប៉ុណ្ណោះ មិនអនុញ្ញាតឱ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតផ្នូរ កាប់រំលំដើមឈើ ដាំដំណាំ ឬសាងសង់ផ្ទះឡើយ។

បើតាមលោក ព្រេង សុខសារី​ ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ជនជាតិ​ភាគតិច​ភូមិ​ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌល​គិរី បាន​ឱ្យ​ដឹង​ថា នៅក្នុងភូមិពូត្រុំ របស់លោកមានដីកប់សពចំនួន២កន្លែង។ ជនជាតិដើមភាគតិចមានតំណមខ្លាំងណាស់ ដូច្នេះគ្មានអ្នកណាម្នាក់ហ៊ានមកកាប់ឆ្ការរំលំព្រៃឈើនៅដីកប់សពទេ វៀរលែងតែមានអ្នកដែលមិនមែនជនជាតិដើមភាគតិចមកលួចលាក់កាប់ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ជន​ជាតិ​ដើម​ភាគ​តិច​ពូនង ដែល​រស់​នៅ​ក្នុង​សហគមន៍​ នៅ​តែ​រក្សា​ទំនៀមទម្លាប់​កប់​សព​តាម​បែប​ប្រពៃ​ណី​ពី​ដូន​តាក្នុង​ព្រៃ​សម្រាប់​កប់​សព​​រួម។ ជន​ជាតិ​ដើម​ភាគ​តិចនៅក្នុងសហគមន៍ នៅតែនាំគ្នា​បន្ត​កប់​សព​តាម​បែប​ប្រពៃណី​គឺ​កប់សព​នៅ​ក្នុង​ព្រៃ​តាមទំនៀមទម្លាប់​ត​ពីដូនតាមក​។ សម្រាប់ជំនឿព្រៃកប់សព​របស់សហគមន៍ ​គឺ​មិនអនុញ្ញាតឱ្យប្រជាជន​​​យក​មក​ធ្វើ​ស្រែ​ចម្ការ​ ធ្វើ​ផ្ទះ ឬឈូសឆាយ នៅ​លើ​តំបន់​ព្រៃ​ខ្មោច​​នោះ​បាន​ទេ​។

ជនជាតិដើមភាគតិចពូនងរូបនេះ បានអះអាងថា សម្រាប់អបិយជំនឿ​ដែលនៅ​តែ​ប្រកាន់ភ្ជាប់យ៉ាង​តឹងរឹង​នេះ​ ប្រសិន​បើមាន​អ្នក​ណា​មក​ប៉ះពាល់​នៅ​លើ​ព្រៃ​នៃ​តំបន់​កប់​សព​ កាប់​ឈើ ឬ​ឈូស​ឆាយ​ដី នៅ​ក្នុង​ព្រៃ​នេះនឹង​មាន​បញ្ហា​កើត​មាន​ដល់​គ្រួសារ​ជន​រង​គ្រោះ​ ឬ​មាន​បញ្ហា​នៅ​ក្នុង​ភូមិ​ស្រុក​ ដូច​ជា​ឈឺ​ថ្កាត់​ ក្តៅ​ហួតហែង​ជា​ដើម។ មួយវិញទៀត តាមជំនឿ​ព្រៃកប់សព​ក៏​មិន​អនុញ្ញាតឱ្យអ្នក​ណា​​ទៅ​រកផល​​អនុផល​នៅ​ក្នុង​ព្រៃ​កប់​ខ្មោច​នេះដែរ ព្រោះ​ប្រសិន​បើ​ចូល​ទៅ​ហើយ​​ដើរ​ជាន់​ ឬ​កន្លង​ផ្នូរ​ខ្មោច​ ស្មើ​មើល​ងាយ​ដូន​តា​ វីរបុរស និង​វីរជនដែល​បាន​ស្លាប់​ទៅ​។

ប្រធាន​សហគមន៍​ពូត្រុំបាន​គូសបញ្ជាក់ថា៖ «ប្រសិនបើប្រជាជនបាត់​គោ​ ក្របី ចូល​ក្នុង​ព្រៃ​ខ្មោច​ គេនឹង​ទុក​រហូត​ដល់​គោ​នោះ​ដើរ​ចេញ​វិញ​ដោយ​ខ្លួន​ឯង​ មិន​ហ៊ាន​ចូល​ទៅរកនោះ​ទេ ព្រោះ​មាន​សព​ស្លាប់ច្រើន បើចង់ដើរចូល ​លុះ​ត្រា​តែ​មាន​ចាស់​ទុំ​នាំ​ផ្លូវ​​ដើម្បី​កុំ​ឱ្យ​ជាន់​ផ្នូរ​ខ្មោច​ផ្សេង​ទៀត​។ ដើម្បី​កុំ​ឱ្យ​កប់​ជាន់​កន្លែង​ដែល​មាន​ផ្នូរ​សព គេតែង​យក​ពាង​មក​ដាក់​ជា​តំណាង ដើម្បី​​ឱ្យ​អ្នក​ក្រោយ​ៗ​បាន​ដឹង​ថា កន្លែង​នេះ​មាន​កប់​សព​រួច​ហើយ។ ដូច្នេះ​ចំពោះ​កន្លែង​ណា​ដែល​គ្មាន​ពាង​សម្គាល់ និង​មាន​សាក្សី​ នោះ​យើង​​អាច​កប់​សព​បាន​ ដោយ​កប់​ទៅ​តាម​ខ្សែ​ស្រឡាយ​សាច់​ញាតិ​ដែល​ស្លាប់​ជា​បន្តបន្ទាប់​។​ ជាក់ស្តែង រហូត​មក​ដល់​សម័យ​​បច្ចុប្បន្ន​នេះ​ សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធារ ​ក៏​អាច​ធ្វើ​ជា​សញ្ញា​សម្គាល់ ឬ​ចាក់​ស៊ីម៉ង់​ដាក់​ផ្លាក​ឈ្មោះ​នានា​ជា​ដើម​ ប៉ុន្តែ​សម្រាប់​អ្នក​ក្រ​គឺ​នៅ​រក្សា​តាម​បែប​ប្រពៃ​ណី​សុទ្ធសាធ»​

លោក​បាន​បញ្ជាក់​ថា ព្រៃ​កប់សព​របស់សហគមន៍នៅ​ភូមិ​ពូត្រុំ មាន​ទំហំ​សរុប​ប្រមាណ​ ១៥ហិកតា ដោយ​មានពីរកន្លែង មួយកន្លែងមាន​ទំហំដំ៤ហិតា និង ១កន្លែងទៀតមាន​ទំហំ​១១ហិតា។ ដោយឡែកសម្រាប់ការ​​​ចុះ​បញ្ជី​ដី​កប់​សព​ជា​ឯកច្ឆន្ទ​សម្រាប់​ជន​ជាតិ​ដើម​ពូនង​គ្រប់​គ្រង​ បានផ្តល់​​ប្រយោជន៍​ធំៗ​ចំនួន​​២ ទី​១៖ ការ​ពារ​បន្ថែម​នៅ​លើ​គម្រប​ព្រៃ​ឈើ, ទី​២៖ គឺ​គួបផ្សំ​និង​ជំនឿ​ជនជាតិ​ដើម​ មាន​ស្រាប់​ដែល​មិន​អនុញ្ញាត​ឱ្យ​កាប់​ឈើ ឬ​ក៏​រំលំ​ឈើ​នៅ​ក្នុង​ព្រៃ​កប់​សព​​ដើម្បី​ធ្វើ​ចម្ការ ឬ​គេហដ្ឋាន​ ដូច្នេះ​តាម​រយៈ​នេះ​ក៏​នឹង​​ជួយ​ថែរក្សា​បាន​ទាំង​ព្រៃ​សម្រាប់​ជនជាតិ​ដើម​ភាគតិច គោរព​តាម​ប្រពៃណី​ផង និង​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួលអាកាសធាតុ​​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ផង​ដែរ​។

បើតាមប្រធានផ្នែកសហគមន៍រេដបូកកែវសីមា នៃអង្គការ WCS, អ្នកស្រី ឆាយ គឹមហ៊ាក បានឱ្យដឹងថា ពាក់ព័ន្ធជាមួយដំណើរការចុះបញ្ចីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច អង្គការ WCS បាននឹងកំពុងសហការជាមួយក្រសួងដើម្បីសម្របសម្រួល ដើម្បីចុះបញ្ជីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចសម្រាប់១៥ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខណៈបច្ចុប្បន្នភូមិចំនួន៧ ទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពរួចរាល់ហើយ ភូមិចំនួន៨ដែលនៅសេសសល់កំពុងស្ថិតក្រោមដំណើរការចុះបញ្ជី៕