(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ការ បញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣ ៥៣០នាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលដែលប្រទេសខ្មែរ ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេសវៀតណាម និងប្រទេសឡាវ ចូលអាស៊ានគេហៅថាប្រទេសអាស៊ានថ្មី៤ ប្រទេស, អាស៊ានមាន១០ ហើយ ៤ប្រទេសនេះសេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេពេលឆ្នាំ២០០០។ អីចឹងពេលដែលចូល ប្រទេសអាស៊ាន៦ ដែលមានសេដ្ឋកិច្ចខ្ពស់ៗ ព្រួយបារម្ភអំពីគម្លាត, ដោយដែគូគ្នា១០នាក់ ៤នាក់ក្រោយ ៦នាក់ខ្លាំងដាក់ផែនកាទៅរួមយ៉ាងមិចកើត? [...] អីចឹងមានតែបង្កើតប្លុកហ្នឹងគឺ CLMV ហើយនេះគឺជាការសម្រេចចិត្តរបស់អាស៊ាន ទាំង១០ប្រទេសនៅឆ្នាំ២០០០ ដើម្បីបង្កើតបន្តការនេះ ដើម្បីអាស៊ានប្រទេសអ្នកមាន៦ មកជួយ៤ប្រទេសទៀត ឱ្យកើនបានលឿន ដើម្បីឱ្យអាស៊ានសមាហរណកម្មទទួលបានជោគជ័យ មិនខុសពីអ៊ឺរ៉ុប EU ចូលគ្នានោះទេ អាល្លឺម៉ង់ខាងលិច ខាងកើតបញ្ចូលគ្នាភ័យអីចឹងដែរគេខ្លាចគម្លាតខ្លាំង អីចឹងគេមានកញ្ចប់សម្រាប់ជួយគ្នាឱ្យកើនឡើង អត់មានបាត់បង់ទៅណាទេ»។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងបែបនេះ បន្ទាប់ពីឃើញក្រុមប្រឆាំងមួយចំនួនតូច បានលើកឡើងអំពី CLMV និងបានបន្តញុះញង់ឱ្យប្រជាពលរដ្ឋងើបប្រឆាំងគម្រោងនេះ ដើម្បីឱ្យរដ្ឋាភិបាលដកខ្លួនចេញពី CLMV ដូចគ្នានឹង CLV-DTA ដែរ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីធ្លាប់បានបញ្ជាក់កាលពីឆ្នាំ២០១៩ ថា គោលដៅនៃកិច្ចសហប្រតិបត្តិការ CLMV គឺផ្ដោតអាទិភាពលើការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ នៅក្នុងប្រទេសនីមួយៗ ក៏ដូចជាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងទិសដៅផ្សាភ្ជាប់សេដ្ឋកិច្ច និងប្រជាជនឱ្យកាន់តែជិតស្និទ៕