(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាស្ថាប័នសិក្សា ស្រាវជ្រាវនាំមុខមួយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការកិច្ចពិភាក្សាដំបូង នៃកិច្ចពិភាក្សាបន្តបន្ទាប់មួយចំនួនស្តីពីការគាំទ្ររបស់ ADB សម្រាប់របៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ សំដៅពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីវិបុលភាព និងពលរដ្ឋកម្ពុជា ព្រមទាំងភពផែនដី។ ADB បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និង ពង្រឹងភាពធន់នឹងអាកាសធាតុ»។

លោកស្រីបន្ដថា កិច្ចពិភាក្សាដែលធ្វើឡើងទាំងនេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ យើងសង្ឃឹមថា នឹងអាចអនុវត្តផែនការរបស់យើងរួមគ្នា ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា»

កិច្ចពិភាក្សាទី១នេះ បានរៀបចំឡើងនៅ វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង ដោយមានតំណាងមកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០ នាក់ ចូលរួម។

វាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាទី១នេះ ដែលរួមមាន លោកស្រី Jyotsana Varma, លោកស្រី បណ្ឌិត អេង នេត្រា (នាយិកាប្រតិបត្តិ CDRI), លោក Parth Borkotoky (ប្រធានសភា ពាណិជ្ជកម្មអន្តរជាតិ កម្ពុជា) និង លោក Pratish Halady (នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ADB ទទួលបន្ទុក ផ្នែកអភិវឌ្ឍន៍វិស័យឯកជន) ចែករំលែកយោបល់អំពី អាទិភាពជាតិសម្រាប់កំណើនខ្ពស់និងប្រកបដោយ បរិយាប័ន្ន ការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈ ស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ អ្នកចូលរួមក៏បានលើកជាសំណួរ និងចែករំលែកយោប់សំខាន់ៗជាច្រើន។

ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦០ លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ ការគាំទ្រចម្បងរបស់ ADB ដែលស្របទៅនឹងយុទ្ធសាស្ត្រជាតិ ផ្តោតលើវិស័យ កសិកម្ម ធនធានធម្មជាតិនិងការអភិវឌ្ឍជនបទ អប់រំ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ឧស្សាហកម្មនិងពាណិជ្ជកម្ម គ្រប់គ្រងសាធារណៈ ដឹកជញ្ជូន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មផ្សេងៗទៀត៕