(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យ ស្ថានភាពផលប៉ះពាល់លើផ្ទៃដីបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារទឹកជំនន់ជន់លិចចំនួន ២៥៧,២០ហិកតា ស្មើនឹង៣០៥គ្រួសារ ដែលស្ថិតនៅក្នុងឃុំព្នៅទី១ និងឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ផលប៉ះពាល់បឋមដោយទឹកជំនន់ក្នុងខេត្តព្រៃវែងមានចំនួន៣ស្រុក (ស្រុកស៊ីធរកណ្ដាល ស្រុកពាមរក៍ និងស្រុកពាមជរ) ស្មើ១៨ឃុំ ដោយប៉ះពាល់សរុបប្រជាពលរដ្ឋ៣៩០គ្រួសារ ប៉ះពាល់ខ្នងផ្ទះខ្នង ជម្លៀស០គ្រួសារ ប៉ះពាល់ស្រូវ ៤៣៤,៧០ហិកតា ខូចខាតស្រូវ ៩៩ហិកតា។
របាយការណ៍បានឲ្យដឹងទៀតថា ស្រុកស៊ីធរកណ្ដាល ប៉ះពាល់ច្រើនជាងគេរួមមាន៖ ប្រជាពលរដ្ឋប៉ះពាល់ចំនួន៣០៥គ្រួសារ និងប៉ះពាល់ស្រូវចំនួន២៥៧,២០ហិកតា។ ស្ថានភាពកម្ពស់ទឹកស្ថានីយជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់៦ម (ទឹកឡើង០,០៩ម) កម្ពស់ទឹកប្រកាសអាសន្ន៧,៥០ម។
ជាមួយគ្នានេះ លោក សួន សុម៉ាលីន បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅបន្តតាមដានចំពោះការវិវឌ្ឍន៍នៃស្ថានភាពទឹកជំនន់នេះយ៉ាងយកចិត្តទុកដាក់ផងដែរ។
សូមបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ថានីយជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់៦ម៉ែត្រ (ទឹកឡើង០,០៩ម៉ែត្រ) កម្ពស់ទឹកប្រកាសអាសន្ន៧,៥០ម៕