(កំពង់ចាម)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព ទឹកជំនន់ទឹកទន្លេមេគង្គ និងសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅក្នុងស្រុកកោះសូទិននេះ កត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋដែលទើបតែជម្លៀសមកទីទួលសុវត្ថិភាព និងគ្រួសារដែលប្រឈមរងគ្រោះដោយការជន់លិច ក្នុងឃុំពង្រ ស្រុកកោះសូទិន ឲ្យយកចិត្តទុកដាក់ថែរទាំសុខភាព ដោយត្រូវហូបស្អាត រសលនៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជម្ងឺផ្សេងៗ។
ទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញឲ្យអាជ្ញាធរនៅមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងចេះរាយការណ៍មកអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីត្រៀមបង្ការជួយឲ្យទាន់ពេលវេលានូវរាល់បញ្ហាប្រឈមនានា ដែលកើតឡើង ជាថាហេតុ។
បន្ទាប់មកទៀត លោក គន់ គីម បានបន្តដំណើរចុះពិនិត្យច្រាំងទន្លេដែលប្រឈមបាក់ស្រុត នៅចំណុចផ្សារជីហែ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខណៈអាជ្ញាធរខេត្ត បានយកបេខ្សាច់ទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត។
យោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ថា កម្ពស់ទឹកទន្លេមេគង្គកំពង់ចាមបានហក់ចូលទៅព្រែក៣៧ហើយ និងជន់លិចផ្ទះសម្បែងពលរដ្ឋចំនួន១០៧០ខ្នងផ្ទះ ក្នុងនោះ ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម និងស្រុកកោះសូទិន។
គ្រោះធម្មជាតិនេះ បានបណ្តាលឲ្យជន់លិចផ្លូវប្រវែងសរុប១៧,៧៩៨ម៉ែត្រ, លិចស្ពានចំនួន២កន្លែង, លិចសាលារៀនចំនួន១២កន្លែង, លិចវត្តអារាមចំនួន៥ វត្ត និងលិចដីស្រូវដំណាំចំនួ១,២០៦ហិចតា។ ទឹកជំនន់ឡើងនៅពេលនេះ បានបង្កឲ្យរងការខូចខាតពីផលប៉ះពាល់បាក់ច្រាំងទន្លេ១០ ករណី មានប្រវែង៧,៥០៣ ម៉ែត្រ និងរុះរើផ្ទះចំនួន៤ខ្នងហើយ ជម្លៀសមនុស្ស ៧គ្រួសារ និងជម្លៀសសត្វចិញ្ចឹមចំនួន៥៣៧ក្បាលហើយ ក្នុងករណីលង់ទឹកស្លាប់ម្នាក់ផងដែរ៕