(សៀមរាប)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តសៀមរាប ជាខេត្តទី១០ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល (ODF) ខណៈក្នុងឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឲ្យបានខេត្តចំនួន៣ទៀត ជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តសៀមរាប ភ្ញៀវជតិ និងអន្តរជាតិ អង្គការដៃគូរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ២,០០០នាក់។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានធ្វើរបាយការសង្ខេបស្តីពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងដើម្បីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាបទាំងមូល រហូតទទួលបានជ័យលាភីដូចពេលនេះ។
លោក ហង់ហ៊ី ប៊ុណ្ណា តំណាងអង្គការភ្លែនអន្ដរជាតិ បានអានរបាយការណ៍ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ និងចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍បទ ក៏ដូចជារដ្ឋបាលខេត្តក្នុងការសម្រេចបានជោគជ័យតាមផែនការ និងប្តេជ្ញាក្នុងការប្រែក្លាយខេត្តផ្សេងទៀតដែលមិនទាន់ទទួលបាន ODF ឲ្យទទួលបានក្នុងពេលខាងមុខ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានដាក់ចេញនូវគោលដៅអាទិភាពចំនួន៤ ដោយក្នុងនោះការលើកកម្ពស់អនាម័យ និងទឹកស្អាតជនបទ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ផងដែរ។
លោករដ្ឋមន្រ្ដីបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធដែលប្រឹងប្រែងសម្រេចបានខេត្តសៀមរាប ជាខេត្តទី១០ដែលបានទទួលជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាលនាពេលនេះ។
គួរបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តជ័យលេភីទី១០ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី ហើយក្នុងឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឲ្យបានខេត្តចំនួន៣ទៀត ជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល មានខេត្តត្បូងឃ្មុំ តាកែវ និងខេត្តស្ទឹងត្រែង៕