(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ សូមប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតអំឡុងពេលពិធីបុណ្យ ភ្ជុំបិណ្ឌ នាសប្តាហ៍ក្រោយនេះ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃរបស់រដ្ឋនេះ គឺដើម្បីជួយកាត់បន្ថយថ្លៃចំណាយរបស់បងប្អូនកម្មករនិយោជិតចំពោះថ្លៃធ្វើដំណើរដោយរថយន្តតាក់ស៊ី។ ជាងនេះ ទៅទៀតការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះគឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។
លោក កត្តា អ៊ន បន្ថែមថា ការរៀបចំឱ្យមានរថយន្តក្រុងឥតគិតថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតអំឡុងពេលភ្ជុំបិណ្ឌនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ និងបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀត របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងអស់ក្នុងការជួយកាត់បន្ថយចំណាយលើថ្លៃរថយន្តធ្វើដំណើរ ទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់កម្មករ-និយោជិត ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធានាបានសុខ សុវត្ថិភាព ទាំងទៅ និងត្រឡប់មកធ្វើការងារវិញ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ខាងមុខនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឱ្យកម្មករ- និយោជិតទាំងអស់ទទួបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរថយន្តក្រុងប្រមាណ៤៩៧ គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករនិយោជិតដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា និងពីតាមបណ្តាខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ៕