(កំពង់ធំ)៖ ផ្លូវគ្រួសប្រវែងជាង១០គីឡូម៉ែត្រ បានរងការខូចខាតដោយសារទឹកភ្លៀង ខណៈអាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក យកគ្រឿងចក្រជួលជុលវិញហើយ។
លោក ជិន ហ៊ីន មេឃុំសាលាវិស័យបបានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ថា ការជួសជុលផ្លូវលំក្រាលគ្រួសក្រហម គឺជាដំណើរការដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចហើយ វាជួយបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន ហើយការជួសជុលផ្លូវលំក្រាលគ្រួសក្រហមនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាព នៃការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សារភ្ជាប់សហគមន៍ និងបង្កើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោកបានបន្តថា ផ្លូវលំគ្រួសក្រហមដែលបានជួសជុលអាចជួយបង្កើនការជួញដូរទំនិញផ្សេងៗ និងជួយផ្សារភ្ជាប់សហគមន៍ និងទីកន្លែងផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារ។ ការជួសជុលផ្លូវលំនេះគឺជាអំឡុងផ្លូវដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ និងសុខដុមជីវិតប្រជាជននៅក្នុងសហគមន៍ផងដែរ។
ប្រជាពលរដ្ឋ ក៏ដូចអ្នកបើកបរយានយន្តគ្រប់ប្រភេទបានឱ្យដឹងថា ផ្លូវនេះមានរងការខូចខាត់ដោយសារទឹកភ្លៀង និងមានកាឡុកតូចធំ ជាក់ស្តែងថ្ងៃនេះអាជ្ញាធរឃុំសាលាវិស័យបានសម្រួលជួសជុលឡើងវិញ។
សូមបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែខាងលើនេះជួសជុលពីចំនុចផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអណ្តាស ដល់វត្តតាឡែកចាស់ ស្ថិតនៅតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ប្រវែងជាង១០គីឡូម៉េត្រ៕