(បន្ទាយមានជ័យ)៖ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានដឹកនាំការផ្សព្វផ្សាយ អប់រំ ណែនាំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបញ្ជ្រាបដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត ដូចជា ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ពិសេសត្រូវមានអធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក សុក ចាន់ថា បានបញ្ជាក់ថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួស និងអ្នកស្លាប់ និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ សារសំខាន់របស់លោកប្រធាន សុក ចាន់ថា «មួក សុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ»។
លោកបានបន្ដថា ការចេះយោគយល់ពីច្បាប់ចរាចរណ៍ គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌ អធ្យាស្រ័យ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរ គឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯង ក៏ដូចជាអ្នកដទៃ។
ក្នុងការចុះផ្សព្វផ្សាយនេះដែរ មន្ត្រីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាត សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា រយៈពេលមួយព្រឹកនេះ ជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង៣៥%ប៉ុណ្ណោះ៕