(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 លើកទី២ ក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។
រដ្ឋមន្រ្តីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រទេសប្រេស៊ីល និងជាប្រធានG20 និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នេះគឺជាលើកទី១ ដែលក្រុមប្រទេស G20 បានអញ្ជើញរដ្ឋសមាជិកអង្គការសហប្រជាជាតិឱ្យចូលរួមកិច្ចប្រជុំខាងលើ ដោយបង្ហាញពីសារសំខាន់នៃបរិយាបន្ន និងពហុភាគីនិយម។
ជាមួយគ្នានេះ ប្រធានG20 ប្រេស៊ីលបានកំណត់អាទិភាពចំនួនបី រួមមាន៖
*ទី១៖ ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ភាពក្រីក្រ និងវិសមភាព
*ទី២៖ ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសេដ្ឋកិច្ច សង្គម និងបរិស្ថាន និង
*ទី៣៖ កំណែទម្រង់អភិបាលកិច្ចសកល៕