(ភ្នំពេញ)៖ ស្របពេលដែលទឹកទន្លេមេគង្គមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យតំបន់មួយចំនួននៅភាគខាងលើនៃទន្លេមេគង្គទទួលរងនូវការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ចំណែកនៅប៉ែកខាងក្រោម អាជ្ញាធរកំពុងតែយកចិត្តទុកដាក់ចុះពិនិត្យមើលពីស្ថានភាពទឹកទន្លេមេគង្គជាប្រចាំ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើករណីមានការកើនឡើងជាគំហុក។
ដោយឡែក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមួយចំនួនដែលជាកន្លែងសម្រាប់រំដោះទឹក និងតំបន់ងាយរងគ្រោះដោយទឹកជំនន់។
ស្ថានភាពទូទៅតាមព្រែកសម្រាប់រំដោះទឹកជំនន់ចេញពីភូមិប្រជាពលរដ្ឋនេះដែរ លោកអភិបាលខណ្ឌបានដឹកនាំមន្ត្រីចុះទៅមើលចំណុចព្រែកតាអែវ ដែលជាព្រែកដ៏មានសារៈសំខាន់សម្រាប់រំដោះទឹកចេញពីការជន់លិចលំនៅឋានប្រជាពលរដ្ឋ ចូលទៅអាងទឹកបឹងធំស្រុកកៀនស្វាយ និងទៅពិនិត្យមើលព្រែកអ្នកតាវាំង នៅព្រំប្រទល់រវាងសង្កាត់ព្រែកថ្មី និងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ព្រែកនេះក៏ជាព្រែកដ៏សំខាន់មួយក្នុងការរំដោះទឹក ជំនន់កុំឱ្យជនលិចលង់ផ្ទះប្រជាពលរដ្ឋ។ បន្ទាប់មក លោកអភិបាលបានចុះមកពិនិត្យពីស្ថានភាពទូទៅនៃតំបន់ទីក្រុងកោះនរា ដែលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកទន្លេមេគង្គមានការកើនឡើង បណ្ដាលឲ្យលិចចំណុចខ្លះនៃច្រាំងទន្លេតំបន់ទីក្រុងកោះនរានោះ។
ក្នុងការចុះពិនិត្យតាមព្រែកនិងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នេះដែរ លោក ចេង មុនីរ៉ា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីតាមដានជាប្រចាំពីស្ថានភាពទឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលក្នុងប្រព័ន្ធព្រែកប្រឡាយ ដែលជាផ្លូវទឹកសម្រាប់រំដោះទឹកជំនន់ កុំឲ្យលិចភូមិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ៕