(កំពង់ស្ពឺ)៖ ក្នុងឱកាសសាកសួរសុខទុក្ខពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងនាំអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូនកងកម្លាំងនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រាប់កម្លាំងកងរាជអាវុធហត្ថខេត្តត្រូវពង្រឹងអនុវ្តរាល់បទបញ្ជា បំពេញតួនាទី ភារកិច្ចស្នូលឲ្យបានប្រសើរជាងនេះ ក្នុងឱកាសពិធីបុណ្យផ្សេងៗ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំការផ្តាំផ្ញើក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ដែលជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យជាតិ ដើម្បីលើកទឹកចិត្តចំពោះកងកម្លាំងដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តថា ក្នុងរយៈ៤ខែដែលលោកបានមកកាន់តំណែងឃើញថានាយទាន នាយទាហានរងមានការហត់នឿយច្រើនក្នុងការងារប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ហិង្សាក្នុងគ្រួសារ។ល។ ទាំងនេះបង្ហាញពីភាពខិតខំប្រឹងប្រែរបស់កងកម្លាំងទាំងយប់ទាំងថ្ងៃ ដើម្បីមុខមាត់នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំងមូល។
លោកមេបញ្ជាការបានបន្តថា កងកម្លាំងអាវុធហត្ថ គឺជាភ្នាក់ងារផ្តល់សន្តិសុខ និងសុវត្ថភាពជូនប្រជាពលរដ្ឋដ៏សំខាន់ ដើម្បីរួមចំណែកយ៉ាងសកម្មបុព្វហេតុជាតិ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ បង្ក្រាបរាល់សកម្មភាពណាបណ្តាលឲ្យមានអសន្តិសុខក្នុងសង្គមជាតិ៕