(ភ្នំពេញ)៖ មហាឧបាសិកា ប៊ុន សាមលេន បងស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំក្រុមគ្រួសារ កូនៗនិងចៅៗអញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, មហាឧបាសិកា ប៊ុន សាមលេន និងក្រុមគ្រួសារ ព្រមទាំងបុត្រ និងចៅៗ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៩នេះផងដែរ។
សម្រាប់ទេយ្យទាន គ្រឿងអត្ថបរិក្ខារ ចង្ហាន់ និងបច្ច័យ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ បានវេរប្រគេនព្រះសង្ឃរួមមាន៖ អង្ករ ៥០០គីឡូក្រាម, ទឹកក្រូច ២០កេស, ទឹកផ្លែឈើ ចំនួន ៣០កេស (ទឹកត្រឡាច, ទឹកគូលែន, សណ្ដែក), ទឹកសុទ្ធ Aruna តូច ៣០កេស, ខារ៉ាប៉ាវ៣០កេស, ទឹកដោះគោខាប់ ៣កេស, ស្ករស ១០គីឡូក្រាម, កាកាវចំនួន ៤កេស, មៀនកំប៉ុងចំនួន ៤កេស, តែ ចំនួន ៥គីឡូក្រាម, នំចិន មួយកន្ដ្រក, ត្រីខចំនួន ៥កេស, ត្រីងៀត ចំនួន១០គីឡូក្រាម, សាច់ក្រក ចំនួន ១០គីឡូក្រាម, មីជាតិ ចំនួន ១កេសធំ (១កេសធំ មាន៦កេសតូច) និងបច្ច័យចំនួន ៤០លានរៀល។
ក្នុងឱកាសនោះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, មហាឧបាសិកា ប៊ុន សាមលេន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅតាមវត្ដអារាមនានា។
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង បានមានព្រះរាជបន្ទូល កោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រីធីតា និងចៅៗ សូមជួបប្រទះនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង កុមារ ហ៊ុន កំសត់ កូនប្រុសបង្កើត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជា ប្រសិទ្ធនាមថា «មាតាមនុស្សធម៌» គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ជាក់ស្ដែងនៅក្នុងឱកាសកាន់បណ្ឌិទី ១ រហូតដល់បណ្ឌិទី៩ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន១៣វត្ដ រួមមានដូចជា វត្ដក្របៅ ,វត្ដតាខ្មៅ, វត្ដក្រពើហា, វត្ដព្រែកសំរោង, វត្ដព្រែកឬស្សី, វត្ដមុន្នីប្រសិទ្ធិវង្ស, វត្ដគោកអម្ពិល, វត្ដឧណ្ណាលោម និងវត្ដច័ន្ទបុរីវង្ស, វត្ដលង្កាព្រះកុសុមៈរាម, វត្ដរលាំងកំពូល ខេត្ដកំពង់ស្ពឺ, វត្ដប្រសិទ្ធត្រៃត្រឹង និងវត្ដចំពុះក្អែក។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕