(រដ្ឋធានីប៉េកាំង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលតំណាងដោយ លោកស្រី Suthasinee (Alex) Nimitkul នាយកប្រតិបត្តិធនាគារAIIB ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ។

ក្នុងជំនួបនេះលោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ AIIB ដែលបានគាំទ្រក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក តាមរយៈគម្រោង ១៖ ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និង ២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង (UIDP)។ លោករដ្ឋមន្រ្តី និងលោកស្រីតំណាង AIIB បានឯកភាពជំរុញការអនុវត្តគម្រោងខាងលើឱ្យបានជោគជ័យតាមការគ្រោងទុក។

នាឱកាសនោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ AIIB ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ចំនួនពីររួមមាន ការសិក្សាសមិទ្ធលទ្ធភាព បណ្តាញរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងការសិក្សាបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅភូមិភាគតំបន់ភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា៕