(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី កំពុងតែលើកបញ្ជោរសរសើរក្រុមយុវជនរបស់ខ្លួន ដើម្បីបន្តការជំរុញនូវទង្វើបំផ្លាញជាតិ។ សូមទស្សនាបទអត្ថាធិប្បាយស៊ីជម្រៅមួយរបស់លោក ម៉ារ យ៉ារិទ្ធិ ស្តីពី៖ «សម រង្ស៊ី កំពុងរុញក្រុមយុវជនរបស់ខ្លួន ឱ្យមានឈ្មោះអាក្រក់ ក្នុងប្រវត្តិសាស្ត្រ» ដូចតទៅ៖

សម រង្ស៊ី កំពុងជំរុញក្រុមយុវជនគាំទ្ររបស់ខ្លួន ឱ្យក្លាយជាមនុស្សដែលមានឈ្មោះមិនល្អក្នុងប្រវត្តិសាស្ត្រហើយ តាមរយៈការសរសេរបញ្ជោរថា «ស្មារតីយុវជនខ្មែររឹងមាំណាស់ ដើម្បីដង្ហើមលទ្ធិប្រជាធិបតេយ្យ។ ការសរសើរនេះ បានធ្វើឡើងនៅទន្ទឹមនឹងការឃើញសេចក្តីសម្រេចដកខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA និងក្រសួងការបរទេសកម្ពុជា ក្រោយមកក៏បានជួនដំណឹងជាផ្លូវការទៅប្រទេស វៀតណាម និងឡាវ ជុំវិញការសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែកញ្ញា បានថ្លែងចាត់ទុកថា ការបញ្ចប់កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម CLV-DTA គឺប្រៀបបាននឹងការដកដាវ និងដកគ្រាប់កាំភ្លើងពីក្រុមប្រឆាំងក្រៅប្រទេស ដែលបានយកបញ្ហា CLV-DTA មកចាក់ប្រជាពលរដ្ឋ ឱ្យមានការបារម្ភអំពីបញ្ហាបាត់បង់ទឹកដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ខេត្តភាគឦសានប្រទេសទាំងបួនជាដដែល បើទោះបីជាមានការដកខ្លួនចេញពី CLV-DTA ក៏ដោយ៖

«ចង់ស្រែកអ្វីយ៉ាងណា ឬថារដ្ឋាភិបាលហ៊ុនម៉ាណែតបរាជ័យហើយ ដួលហើយ ចប់ហើ…… ទៅជប់លៀងចុះ ចេញលុយខ្លួនឯងទៅ…សម្រាប់កម្ពុជា នៅតែធ្វើកញ្ចប់ជម្រុញសេដ្ឋកិច្ចវិនិយោគឆ្នាំ២០២៥ នៅទិសឦសាន…រដ្ឋាភិបាលនៅតែដាក់ចេញ ដើម្បីជម្រុញការវិនិយោគឱ្យខ្លាំងនៅទិសនោះ សម្រាប់២០២៥-២០២៦តទៅទៀត អត់ថយទេ។ អញ្ចឹងបើបងប្អូនអ្នកខ្លះថា រដ្ឋាភិបាលបរាជ័យហើយ ដកអាហ្នឹង (CLV) ប៉ុន្តែយើងនៅតែបន្តធ្វើ (ការអភិវឌ្ឍន៍)។ ហើយបងប្អូនទុកចិត្តចុះ ខ្ញុំធ្លាប់ហើយ ប្រកាសហើយ…ហើយយើងនៅតែធ្វើ មាន ឬ គ្មាន DTA វាអត់សំខាន់…សំខាន់ការប្តេជ្ញាចិត្តបន្តអភិវឌ្ឍន៍ ការពារអធិបតេយ្យ រដ្ឋាភិបាលនៅតែបន្តធ្វើអត់ថយក្រោយទេ»។

រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្សាបនូវព័ត៌មានញុះញង់ ដែលក្រុមជ្រុលនិយមបានលើកឡើង ជុំវិញការបាត់បង់ទឹកដី ទៅវៀតណាម នាតំបន់ខេត្តទាំងបួនភាគឦសានប្រទេស បានរៀបចំដំណើរកំសាន្តរៀងរាល់ចុងសប្តាហ៍ដោយឥតគិតថ្លៃ ចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ដើម្បីឱ្យពលរដ្ឋខ្មែរ ធ្វើជាសាក្សី និងទស្សនាដោយផ្ទាល់នឹងភ្នែកនូវទិដ្ឋភាព ជាក់ស្តែងតាមផ្លូវ ស្ថាបនាតាមបណ្តោយខ្សែក្រវាត់ព្រំដែន ក្នុងការចង់ឱ្យឃើញដោយប្រត្យក្ស ថាតើ២៥ឆ្នាំរួចមកនេះ មានអ្វីកើតឡើងក្នុងតំបន់ខេត្ត៤ នៃភាគឦសានកម្ពុជានោះ និងតើទឹកដីរបស់កម្ពុជា មានការបាត់បង់ដូចអ្វីដែលពួកក្រុមជ្រុលនិយម បានឃោសនានិងបង្កើតព័ត៌មានក្លែងក្លាយ ចោទប្រកាន់ដែរ ឬ ទេ?

យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា គ្រាន់តែរយៈពេលត្រឹម២ចុងសប្តាហ៍កន្លងមកនេះ ចំនួនពលរដ្ឋធ្វើដំណើរទស្សនាតាមបណ្តោយខ្សែក្រវាត់ព្រំដែន នៃខេត្តភាគឦសានប្រទេសមានជាង៥០០នាក់ និងពលរដ្ឋខ្មែរ ដែលបានធ្វើទស្សនកិច្ច ថែមទាំងបានបញ្ជាក់ថាគ្មានការបាត់បង់ទឹកដី និងពួកគេបានសម្តែងក្តីរីករាយជាខ្លាំងនិងថ្លែង អំណរគុណចំពោះការរៀបចំដឹកជញ្ជួនពួកគេទស្សនាតាមតំបន់ព្រំដែននោះថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារមួយតាមបណ្តាញសង្គមបានបញ្ជាក់ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA នេះ គឺជារបៀបធ្វើការមួយរបស់សម្តេច ដែល«មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។

កិច្ចសហប្រតិបត្តិការ CLV-DTA គឺជាផ្នែកដ៏តូចមួយស្របនឹងចក្ខុវិស័យរបស់អាស៊ាន ដែលចង់ជំរុញប្រទេសកម្ពុជា, វៀតណាម ឡាវ ដែលជាប្រទេសមានសេដ្ឋកិច្ចទាបជាងគេ មានលទ្ធភាពរៀបចំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធ្វើដំណើរឱ្យទាន់ប្រទេស៦ដទៃទៀតរបស់អាស៊ាន។ ក្រៅពីប្រទេសបី ដែលអាស៊ាន បាននិងកំពុងជំរុញឱ្យសន្ទុះដំណើរសេដ្ឋកិច្ច បានលឿននោះ ក៏នៅមានប្រទេសមីយ៉ាន់ម៉ា មួយទៀតដែលជាប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ និងក៏ជាចក្ខុវិស័យរបស់អាស៊ាន ដើម្បីជំរុញឱ្យរដ្ឋាភិបាលក្រុងណៃពិដោ ត្រូវខិតខំស្ទុះស្ទារលើកិច្ចការជំរុញដំណើរការនៃសេដ្ឋកិច្ចជាតិរបស់ខ្លួនផងដែរ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា ស្រាប់តែបានធ្លាក់ចូលក្នុងអំពើចលាចលសង្គ្រាមក្នុងស្រុកក្រោយព្រឹត្តិការណ៍ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំងបួនដែលមានសេដ្ឋកិច្ចទន់ខ្សោយ ក្នុងអាស៊ាននោះ គឺវៀតណាម បានចូលអាស៊ានក្នុងឆ្នាំ១៩៩៥, ប្រទេសឡាវ និងមីយ៉ាន់ម៉ា ចូលអាស៊ាននៅឆ្នាំ១៩៩៧ ចំណែកកម្ពុជា បានចូលអាស៊ានក្នុងឆ្នាំ១៩៩៩។

ហេតុដូច្នេះហើយ ដើម្បីឱ្យដំណើរការអាស៊ាន ធ្វើដំណើរមានសភាពរលូនល្អទៅមុខ គឺជាចក្ខុវិស័យ បានតម្រូវរកការជំរុញប្រទេសទាំងបួន ដែលមានសេដ្ឋកិច្ចនៅទាបជាងគេ ត្រូវមានដំណើរឱ្យទាន់ ឬ ប្រហាក់ប្រហែលប្រទេសដែលជាសមាជិកចាស់របស់អាស៊ានទាំង៦ គឺប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងប្រុយណេ។ ដូច្នេះដើម្បីតែជំរុញរកការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសទាំងបួនថ្មីរបស់អាស៊ាននេះហើយ ទើបសាមីនៃប្រទេសរៀងៗខ្លួន បានដាក់ចេញនូវចក្ខុវិស័យទាំងឡាយ ដូចជាការបង្កើតកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ CLV-DTA, CLMV, GMS និង ACMECS នោះជាដើម។

ប៉ុន្តែដោយសារតែមហិច្ឆតានយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដើម្បីការសងសឹកនូវគំនុំបុគ្គលផង និងចង់ឱ្យខ្មែរបែកបាក់គ្នា ដូចកាលពីសម័យអតីតកាលនោះ ទណ្ឌិត សម រង្ស៊ី នៃមេខ្លោងក្រុមជ្រុលនិយម បានបង្កើតជាលេសផ្សេងៗ ជាពិសេសនយោបាយ «យួនលេបទឹកដីខ្មែរ» ជាមួយនឹងការជំរុញឱ្យក្រុមយុវជនមួយចំនួន ដែលមិនស្គាល់អ្វីជាអាស៊ានផងនោះ រៀបចំគម្រោងធ្វើបាតុកម្ម ជាបន្តបន្ទាប់ក្រោមលេសចោទថា រាជរដ្ឋាភិបាលរំលោភបំពានសិទ្ធិមនុស្ស, បំពានលទ្ធិប្រជាធិបតេយ្យ និងការធ្វើឱ្យបាត់ទឹកដីខ្មែរ ទៅប្រទេសវៀតណាម។

សម រង្ស៊ី នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ កញ្ញា បានសរសេរជំរុញ ឱ្យយុវជនរបស់ខ្លួន បន្តការតស៊ូថែមទៀតជាមួយនឹងសម្តីបញ្ជោរថា «ស្មារតីយុវជនខ្មែររឹងមាំណាស់ ដើម្បីដង្ហើមលទ្ធិប្រជាធិបតេយ្យ»។

យ៉ាងហោចក៏មានយុវជនមួយចំនួននៅក្រៅប្រទេស រួមមាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងក្នុងប្រទេសជប៉ុន ដែលទទួលរងនូវមនោគមន៍វិជ្ជាពង្វក់របស់ សម រង្ស៊ី។ ក្រុមយុវជនទាំងនោះ ថែមទាំងប្រើសម្តីចង់ឱ្យរាជរដ្ឋាភិបាល ដកចេញពីកិច្ចសហប្រតិបត្តិការ CLMV កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀត ណាមនៃចក្ខុវិស័យរបស់អាស៊ានថែមទៀត។

សម្តេចបវរធិបតី នៅថ្ងៃទី២៦ ខែកញ្ញា បានថ្លែងបង្ហាញការហួសចិត្តចំពោះអ្វី ដែលក្រុមយុវជនរបស់ សម រង្ស៊ី បានលើកឡើងអំពីការទើសនឹងកិច្ចសហប្រតិបត្តិការ CLMV៖
«កិច្ចការ (អភិវឌ្ឍន៍) ទាំងអស់នេះ គឺយើងតែត្រូវធ្វើ។ ឥឡូវអ្នកនេះចេញមកទៀតហើយ គេថាស្អី? យីដក CLV ចេញ ហើយ…មានថែម CLMV ថែម M មួយទៀត។ ខ្ញុំពិបាកនិយាយណាស់(សើចហួសចិត្ត) យើងធ្វើការសន្និដ្ឋាន ផ្អែកលើការស្រាវជ្រាវច្បាស់លាស់កុំថែមតែ M មក…ត្រូវដឹងថាហ្នឹង (CLMV) ជាអ្វី តើវាបែបម៉េច។ CLMV នេះ វាតាំងពីឆ្នាំ២០០០ ក្បែរ២៥ឆ្នាំហើយ CLMV គឺ Cambodia Lao Vietnam និង Myanmar គឺជាយន្តការក្របខណ្ឌ ASEAN ។

ពេលដែលប្រទេសខ្មែរ ប្រទេសភូមា ដែលហៅថាមីយ៉ានម៉ា ប្រទេសវៀតណាម ឡាវ ចូលអាស៊ាន គេហៅថាប្រទេសអាស៊ានថ្មីបួនប្រទេស។ អាស៊ានមាន១០ ហើយបួនប្រទេសនេះ សេដ្ឋកិច្ចក្រោយគេ…ដើរក្រោយគេ…ខ្សោយជាងគេ ពេលឆ្នាំ២០០០។ អញ្ចឹងពេលដែលចូល (នោះ)ប្រទេសអាស៊ាន៦ ដែលមានជីវភាពខ្ពស់ ព្រួយបារម្ភអំពីគម្លាត។ ដៃគូគ្នាមាន១០នាក់ បើ៣នាក់ខ្សោយ ៦នាក់ខ្លាំង ដាក់ផែនការរួម ទៅយ៉ាងម៉េចកើត?

ប៉ុន្តែដាក់ផែនការយកតាមស្របគំនិតអ្នកទាប ហើយបើអ្នកមុខ យឺត…ដាក់តាមអ្នកមុខ (លឿន) អ្នកក្រោយរត់អត់ទាន់…អញ្ចឹងហើយមានតែបង្កើតប្លុកហ្នឹង CLMV គេហៅថាប្លុក។ ហើយនេះគឺការសម្រេចចិត្តរបស់ប្រមុខអាស៊ាន ទាំង១០ប្រទេស នៅឆ្នាំ២០០០ ដើម្បីបង្កើតយន្តការនេះ ដើម្បីអា ស៊ាន ប្រទេសអ្នកមាន៦ មកជួយប្រទេសអ្នកមាន៤ ឱ្យកើនបានលឿន ដើម្បីឱ្យអាស៊ានសមាហរណកម្ម មានភាពជោគជ័យ…វាមិនខុសពីកាលអឺរ៉ុបនិងEU បញ្ចូលគ្នាទេ អាល្លឺម៉ង់ខាងលិច និងខាងកើត បញ្ចូលគ្នាស្រដៀងគ្នា ភ័យអញ្ចឹងដែរ…គេខ្លាចគម្លាតខ្លាំង…អញ្ចឹងគេមានកញ្ចប់សម្រាប់ជួយគ្នា ឲឱ្យកើនឡើង អត់មានបាត់បង់ទៅណាទេ។ អញ្ចឹងបានថា អ្នកដែលនៅទីនោះ ក៏ខ្ញុំតាមមិនទាន់…ខ្ញុំសរសើរគាត់ដែរ…អ្នកជ្រុលមួយចំនួនតូចគាត់ក្រឡុកឡើងវិល»។

ប្រធានព្រឹទ្ធសភាសម្តេចតេជោ បានថ្លែងក្នុងសប្តាហ៍នេះថា៖ «យើងបន្តអភិវឌ្ឍ លើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេសនិងប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក»។

សកម្មភាពដ៏គគ្លើន ក្នុងការចង់បន្តឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តដកចេញនូវចក្ខុវិស័យអភិវឌ្ឍន៍ តាមកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាងសូម្បីតែCLMV នោះ ត្រូវបានសម្តេចតេជោ បានមានប្រសាសន៍ក្នុងសំណួរមួយ កាលពីយប់ថ្ងៃទី២២ ខែកញ្ញាថា វាជាអំពើអៀនខ្មាស់មួយ។ សំណេររបស់សម្តេច បានសរសេរថា៖ «ខ្ញុំបានឃើញពួកជ្រុលនិយមលើកពី CLMV ដែលចង់ឱ្យកម្ពុជាដកខ្លួនចេញទៀត។ ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ»។
ទណ្ឌិត សម រង្ស៊ី ទំនងនឹងគ្មានជំរើសទេ ក្នុងការបន្តប្រើប្រាស់យុវជនល្ងង់ខ្លៅរបស់ខ្លួន ដែលមិនស្គាល់អ្វី នៃអត្ថន័យរបស់អាស៊ាននោះឡើយ។

ពេលនេះ ក្រុមជ្រុលនិយមទាំងនោះកំពុងគិតថា ពួកគេមានជោគជ័យហើយក្រោយការ ឃើញសេចក្តីសម្រេចចិត្ត នៃការដកខ្លួនរបស់កម្ពុជាចេញពី CLV-DTA ។ អំពើបំផ្លាញជាតិខ្មែររបស់ក្រុមជ្រុលនិយម ក្រោមការសរសើរលើកបញ្ជោររបស់ សម រង្ស៊ី ដោយចាត់ទុកថា៖ «ស្មារតីយុវជនខ្មែររឹងមាំណាស់ ដើម្បីដង្ហើមលទ្ធិប្រជាធិបតេយ្យ» ថែមទៀតនោះ ត្រូវគេរំពឹងថាមិនបញ្ចប់ត្រឹមនេះទេ ពួកគេប្រហែល នឹងអាចជំរុញឱ្យកម្ពុជាដកចេញពី CLMV ចេញពី ACMECS ចេញពី GMS ឬ ចេញពី ASEAN ថែមទៀតផងដែរ។

ហើយបើសិនជាដូច្នោះមែនគឺ សម រង្ស៊ី កំពុងតែរុញក្រុមយុវជនរបស់ខ្លួន ឱ្យក្លាយជាមនុស្សមានឈ្មោះអាក្រក់ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរហើយ៕