(ឡុងប៊ិច)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកាំង ដែលកំពុងស្នាក់នៅក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងឡុងប៊ិច មុននឹងធ្វើដំណើរចេញទៅទីក្រុងញូវយ៉ក ។

នៅក្នុងជំនួនសំណេះសំណាលដែលបានធ្វេីឡេីងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បងប្អូនពលរដ្ឋខ្មែរ-អាម៉េរិកាំងបានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះដំណេីរស្វែងរកកាវិនិយោគនៅសហរដ្ឋអាម៉េរិករបស់លោក ស៊ុន ចាន់ថុល រយៈពេលប្រមាណ២សប្ដាហ៍នេះ ក្នុងបុព្វហេតុជំរុញការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកទៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន បង្កើនរំហូរសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា។

ក្នុងពេលវេលាប្រកបដោយសេចក្ដីសោមនស្សនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះវត្តមានបងប្អូនពលរដ្ឋខ្មែរ-អាម៉េរិកាំងទាំងអស់ដែលបានទទួលស្វាគមន៍ និងបានជម្រាបជូនអំពីភាពរីកចម្រើនថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវថ្នល់ ព្រលានយន្តហោះ ហើយពិសេសថ្មីៗនេះ កម្ពុជាបានបើកជាផ្លូវការ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងជំរុញភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានមួយកម្រិតបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរ-អាម៉េរិកាំង មិនថានៅសហរដ្ឋអាម៉េរិក ឬនៅប្រទេសផ្សេងទៀតក្ដី ចូលរួមបន្តផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាទាំងវិស័យទេសចរណ៍ ការវិនិយោគ ព្រមទាំងចូលរួមថែរក្សាឱ្យបានសុខសន្តិភាព គាំទ្ររាជរដ្ឋាភិបាលកម្ពុជា បញ្ជ្រាបព័ត៌មានពិតត្រឹមត្រូវ អំពីការអភិវឌ្ឍនជាក់ស្ដែងនៃសង្គមជាតិ ជាមូលដ្ឋានជំរុញកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិផងដែរ។

ក្រោយបានទទួលស្ដាប់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តីដោយផ្ទាល់អំពីសុខសន្តិភាពរបស់កម្ពុជា បងប្អូនពលរដ្ឋខ្មែរដែលបានចូលរួមទាំងអស់បានបង្ហាញភាពសប្បាយរីករាយចំពោះភាពរីកចម្រើនលូតលាស់នៃសង្គមជាតិកម្ពុជា ព្រមទាំងសន្យានឹងចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែច្រើនបន្ថែមទៀតអំពីវប្បធម៍ សក្ដានុពលវិនិយោគនានា ដើម្បីជំរុញកេរ្តិ៍ឈ្មោះល្អរបស់ប្រទេសកម្ពុជា៕