(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយមន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវអនាម័យ ដោយត្រូវរក្សាទុកម្ហូបអាហារឱ្យមានអនាម័យ និងការហូបចុកដោយប្រុងប្រយ័ត្ន ជាពិសេសដោយសារបច្ចុប្បន្ន មានជំងឺផ្តាសាយបក្សី ក្នុងករណីសត្វស្លាបងាប់ដោយសារជំងឺ ហើយមានការសង្ស័យ សូមកុំបរិភោគឱ្យសោះ។
ជាពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ក៏សំណូមពរដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅពេលបើកបរ ដោយសារតែក្នុងឱកាសពិធីបុណ្យធំៗម្តងៗ តែងតែកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាជំងឺផ្សេងៗកើតឡើង, ដូច្នេះសូមធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ និងកុំពិសារគ្រឿងស្រវឹង ហើយត្រូវបើកបរដោយមានការយោគយល់គ្នា អធ្យាស្រ័យគ្នា មិនថាទីជិតឬទីឆ្ងាយនោះទេ។
ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសលោកសាស្ដ្រាចារ្យ ដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត រៀបចំពិធីសូត្រមន្តបង្សកូលឧទ្ទិសកុសល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃកាន់បិណ្ឌ៩ ដើម្បីឧទ្ធិសកុសលជូនដល់បុព្វការីជន និងអ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិត ដោយសារបញ្ហាគ្រោះថ្នាក់ និងជំងឺផ្សេងៗ នៅមន្ទីរពេទ្យកាល់ម៉ែត។
លោកសាស្ត្រាចារ្យបន្តថា មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិឈានមុខគេនៅកម្ពុជា បានរៀបចំត្រៀមលក្ខណៈរួចរាល់គ្រប់ផ្នែក សម្រាប់ការជួយសង្គ្រោះ និងព្យាបាលជំងឺនានា ជូនដល់ប្រជាពលរដ្ឋ នៅឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពោលគឺដំណើរប្រព្រឹត្តទៅ នៃបម្រើការងារដូចថ្ងៃធម្មតា។
លោកសាស្ដ្រាចារ្យបញ្ជាក់បន្ថែមថា «មន្ទីរពេទ្យគឺតែងតែត្រៀមលក្ខណៈ ក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/៧ថ្ងៃ មិនគិតថាថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃបុណ្យឡើយ គឺមន្ទីរពេទ្យបានចែកវេនប្រចាំការយាមគ្រប់ផ្នែកទាំងអស់ ព្រមទាំងបានត្រៀមនូវបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ ក៏ដូចជាបន្ទប់សម្រាកព្យាបាលជំងឺទូទៅ គ្រប់លក្ខណៈទាំងអស់ ហើយធនធានមនុស្សគឺនៅប្រចាំការ ដូចការប្រព្រឹត្តិទៅនៃថ្ងៃបម្រើការងារជាធម្មតា»។
តាមការបញ្ជាក់ពីលោកអគ្គនាយក, នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថានភាព ក្នុងផ្នែកសង្គ្រោះបន្ទាន់ គឺមានភាពមមាញឹកខ្លាំង ជារៀងរាល់ថ្ងៃ ប៉ុន្តែថ្នាក់ដឹកនាំមន្ទីរពេទ្យ បានចាត់ចែងនូវការទទួល ជួយសង្គ្រោះ និងការពិនិត្យផ្សេងៗ មិនមានការរាំងស្ទះឡើយ។
លោកសាស្ត្រាចារ្យ គង់ សន្យា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មានការថយនូវជំងឺឆ្លង ប៉ុន្តែយ៉ាងណាមិញ ជំងឺមិនឆ្លង ដូចជាជំងឺលើសឈាម និងទឹកនោមផ្អែម កំពុងមានការកើនឡើង គួរឱ្យព្រួយបារម្ភ។ ក្នុងន័យនេះ លោកណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការពិនិត្យសុខភាពឱ្យបានទៀងទាត់ ហើយក្នុងករណីមានបញ្ហាជំងឺណាមួយ សូមណាត់គ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងតាមដានជំងឺ ដើម្បីការពារបាន នូវការធ្លាក់ទៅជាសភាពធ្ងន់ធ្ងរនៃជំងឺ៕