(កំពត)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង បានថ្លែងបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោក សក់ សេដ្ឋា បានបញ្ជាក់ទៀតថា ការផ្ទេរមុខងារ សិទ្ធអំណាចនេះអាជ្ញាធរថ្នាក់ក្រោមជាតិ អាចធ្វើអ្វីក៏បានឲ្យតែជាតម្រូវការរបស់ពលរដ្ឋ ស្របនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ តួយ៉ាងដូចជាខេត្តកំពតជាគំរូស្រាប់។

លោក សក់ សេដ្ឋា ថ្លែងបែបនេះ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលប្រព្រឹត្តធ្វើឡើង​នៅសាលប្រជុំសាលាខេត្តកំពត។
 
លោក សក់ សេដ្ឋា បានលើកឡើងទៀតថា វត្តមានរបស់លោក-លោកស្រី ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តទូទាំងប្រទេសនាពេលនេះ ដើម្បីសិក្សារៀនសូត្រ និងដកយកបទពិសោធ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យ គ.ជ.អ.ប. ដឹកនាំរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដូចជា៖ បង្ហាញពីការតាំងចិត្តខាងនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការជំរុញកិច្ចដំណើរការកំណែទម្រង់ សំដៅរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីសម្រេចទស្សនវិស័យនេះ រាជរដ្ឋាភិបាល បានដាក់ចុះនូវយុទ្ធសាស្ត្រ​បច្ចុកោណដំណាក់កាលទី១ ដែលទាមទាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ មានការគិតគូរថ្មីៗ ដើម្បីសម្រប និងពិនិត្យមើលកំណែទម្រង់នេះ ជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅទាំងអស់គ្នាធ្វើដំណើរឆ្ពោះទៅ សម្រេចចក្ខុវិស័យ ដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅឆ្នាំ២០៣០ និង២០៥០។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងកំណែទម្រង់នេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើអ្វីក៏បានឲ្យតែជាតម្រូវការរបស់ប្រជាពលរដ្ឋ ហើយមិនខុសរដ្ឋធម្មនុញ្ញ និងច្បាប់។ លោកក៏លើកទឹកចិត្ត ឲ្យអាជ្ញាធររាជធានី-ខេត្ត យកបទពិសោធ និងធ្វើតាមគំរូល្អៗ របស់អាជ្ញាធរខេត្តកំពត ដែលបានអនុវត្តកន្លងមក។  

ក្នុងឱកាសនោះដែរលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់​ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម។ លោកក៏បានប្តេជ្ញាខិតខំបន្តអនុវត្ត​ឲ្យកាន់តែប្រសើរឡើងថែមទៀត។

គួររំលឹកថា៖ តាមរយៈវេទិការយៈពេល១ថ្ងៃកន្លះ បានលើកឡើងពីបញ្ហាប្រឈម សំណើរ សំណូមពរ របស់រដ្ឋបាលឃុំ សង្គាត់ ក្រុង ស្រុក និងខេត្តកំពត ចំនួន ៣៤ករណី ក្នុងនោះខេត្តបានដោះស្រាយរួច១៦ករណី និងស្នើសុំទៅថ្នាក់ជាតិដោះស្រាយ ២៦ករណី គឺផុតដែនកំណត់របស់ខេត្តដោះស្រាយ៕