(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ដ្រីរាជការ អាជ្ញាធរមូលដ្ឋានក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តកែវសិក្ខាគីរីស្វារ: ហៅវត្តប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរ៉ែក ក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ។
ក្នុងឱកាសនោះលោក គីម រិទ្ធី និងមន្រ្តីរាជការ ពុទ្ធបរិស័ទ បានគោរពថ្វាយបូជាទៀនធូប ចំពោះគុណព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសការព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធ និងធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។
បន្ថែមពីនេះក៏ជាការគោរពដឹងគុណ និងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសខ្មែរជំនាន់ដើម និងដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដែលជាឧបាយភូមិណាមួយឲ្យបានទៅកាន់សុគតិភពថ្មីហើយងាក ក្រោយមកជួយបីបាច់ថែរក្សាកូនចៅឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
សូមបញ្ជាក់ថាបច្ច័យ និង ទេយ្យទានដែលនាំយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះរួមមាន ថវិកាចំនួន៥ លានរៀល ព្រមទាំងគ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ៕