(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីចុះស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង និងបន្តពិនិត្យទ្វារទឹកមួយចំនួននៅស្រុកកណ្ដាលស្ទឹង និងបានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ឲ្យប្រុងជើងការជួយបន្ទាន់ បើសិនមានករណីចាំបាច់ណាមួយកើតឡើង។
លោក គួច ចំរើន បានបន្ថែមថា ស្រុកកណ្ដាលស្ទឹង គឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀត ដែលទទួលរងនូវទឹកជំនន់ជារៀងរាល់ឆ្នាំ ពិសេសជំនន់ទឹកភ្លៀងនារដូវវស្សា ដែលទទួលរងពីតាមបណ្ដាស្ទឹងព្រែកត្នោត ដោយបានជន់លិចផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្ទើរតែរាល់ឆ្នាំ។
លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការកាយស្ដារនៅប្រឡាយ ស្ទឹង និងព្រែកមួយចំនួនដែលមានសភាពគោករាក់ ដើម្បីធ្វើការបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដើម្បីបញ្ជៀសនូវការជន់លិចក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងក្រុង-ស្រុកមួយចំនួនទៀត។ ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវពិនិត្យរាល់ការធ្វើឱ្យស្ទះនូវលំហូរទឹកនៅតាម ប្រឡាយ ស្ទឹង ត្រូវធ្វើការកាយស្ដារដើម្បីសម្រួលចរន្តទឹកឱ្យបានលឿន ពិសេសលើកនូវសោភ័ណភាពតាមប្រឡាយ និងស្ទឹងផងដែរ។
ជាមួយគ្នានេះដែរ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ស្ថានភាពនៅទំនប់ទ្វារទឹក ៧មករា ទឹកមានសភាពធម្មតា មិនមានការគំរាមកំហែងឬប្រកាសអាសន្ននោះឡើយ៕