​(កណ្ដាល)៖ លោក មាន ច័ន្ទវ៉ន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រុញឱ្យមន្ត្រីជំនាញធ្វើការចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងខេត្តកណ្តាលនៅត្រឹមឆ្នាំ២០២៥​ និងជម្រុញការផ្តល់​​សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីឈានទៅសម្រេចបាននូវការផ្តល់សេវាគាប់ចិត្ត។

លោក មាន ច័ន្ទវ៉ន់នី បានថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល​  នៅសាលាខេត្តកណ្ដាល​នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោក មាន ច័ន្ទវ៉ន់នី បន្តថា ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ អាចបង្កើតបាននូវបរិយាកាសគ្មានវិវាទ, ជម្រុញការធ្វើប្លង់គោលប្រើប្រាស់ដី​ និងផែនការប្រើប្រាស់ដីនៅ ក្រុង/ស្រុក ទាំង១៣ ក្នុងខេត្តកណ្តាល ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវចំទិសដៅ និងមានប្រសិទ្ធភាព។ គ្រប់គ្រងសំណង់ ទប់ស្កាត់សំណង់សាងសង់គ្មានលិខិតអនុញ្ញាត​ សំណង់លើដី សាធារណៈរបស់រដ្ឋ​ និងសំណង់​សាងសង់​ខុសលិខិតអនុញ្ញាត។ ការធ្វើបច្ចុប្បន្នភាព ទីតាំងលំនៅឋានបណ្តោះអាសន្ន និងគ្រប់គ្រងការកើនឡើងនៅតាមទីសាធារណៈរបស់រដ្ឋ​ និងឯកជននិងបន្តបង្កើតឱកាសឱ្យមានការវិនិយោគ​លំនៅឋានតម្លៃសមរម្យ ដើម្បីជួយលើកតម្កើង ជីវភាពរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប ទទួលបាននូវភាពសុខដុម។
លោកបានបន្ដទៀតថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាព មួយក្នុងចំណោម ការងារអាទិភាពដ៏ទៃទៀត នៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការ កែទម្រង់ដីធ្លី ដោយជម្រុញការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីអោយបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធភាព។

ជាក់ស្តែង នៅក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជម្រុញការអនុវត្តការងារសំខាន់ៗ មួយចំនួនជាអាទិភាព។ បានកំណត់យកការចុះបញ្ជីដីបង្ហើយដែលជាការងារអាទិភាពចំពោះមុខ សំដៅបញ្ចប់ការងារ វាស់វែងដីធ្លីនៅកម្ពុជា កែសម្រួលភាពមិនច្បាស់លាស់ កាត់បន្ថយជម្លោះលើព្រំដីកាន់កាប់ ផ្តល់នូវសុវត្តិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្ត ដើម្បីពង្រឹងសុវត្តិភាពនៃការកាន់កាប់ដីធ្លី និងកសាង សង្គមសុខដុមនៅកម្ពុជា៕