(បាត់ដំបង)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរួមគ្នា រៀបវេទិកាផ្សព្វផ្សាយអប់រំស្តីពីការពង្រឹងយន្តការឆ្លើយតបទៅនឹងវិធានការនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងកម្មវិធីអប់រំប្រឆាំងគ្រឿងញៀនដល់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចំនួន៣០នៅក្រុងបាត់ដំបង។
ថ្លែងក្នុងនាមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានចូលរួមចំណែកសកម្មផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងៗសំដៅរក្សាបាននូវសុខភាពនៅកន្លែងធ្វើការចូលរួមធ្វើឱ្យសម្រេចនូវទិសដៅកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងក្នុងនាមលោករដ្ឋមន្ត្រី ហេង សួរ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន MAC បានឱ្យថឹងថា បញ្ហាគ្រឿងញៀន និងបញ្ហាជំងឺអេដស៍គឺជាការងារសំខាន់ចាំបាច់បំផុតសម្រាប់សុខភាពយើងទាំងអស់គ្នា ហើយការក្សាបាននូវសុខភាពល្អគឺជាគឺទ្រព្យមានតម្លៃមហាសាលធ្វើឲ្យរីកចម្រើនទាំងទិន្នផលការងារនិងសេដ្ឋកិច្ចគ្រួសារ និងសូមចូលរួមផ្សព្វផ្សាយនិងទាញយក App NoDrug មកប្រើប្រាស់ដើម្បីចូលរួមធ្វើឱ្យមានប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកន្លែងធ្វើការ។
សូមបញ្ជាក់ថាអ្នកចូលរួមទាំងអស់ទទួលបានចំណេះដឹងពីផលប៉ះពាល់ដោយសារគ្រឿងញៀន ការបដិសេធគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug :https://nodrugsnacd.com/download វិធានការ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍៕