(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ រំពឹងទទួលបានផ្លែផ្កាសម្រាប់វិស័យទេសចរណ៍រីកស្គុះស្គាយច្រើនជាងមុន បន្ទាប់ពីការចូលរួមពិព័រណ៍ទេសចរណ៍អាស៊ាន-ចិនលើកទី១០ (The 10th China-ASEAN Expo Tourism Exhibition) នៅទីក្រុងគួយលីន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤។

គួរជម្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ-សិល្បការីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រតិបត្តិការទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អាស៊ាន-ចិនលើកទី១០ ក្រោមប្រធានបទ «សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីដំណើរមាតុភូមិនិវត្តន៍របស់លោករដ្ឋមន្ត្រី ហួត ហាក់ និងប្រតិភូក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី២៦ ខែកញ្ញា, លោក ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក៏ទទួលបានការអនុញ្ញាតរៀបចំសន្និសីទសារព័ត៌មានមួយ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) ផងដែរ។

លោកអគ្គនាយក ជុក ជំនោរ បានឱ្យដឹងថា ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ថ្នាក់ដឹកនាំទីក្រុងគួយលីង និងគណៈកម្មការរៀបចំពិព័រណ៍។ ក្នុងសុន្ទរកថាបើក លោករដ្ឋមន្រ្តីបានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន-ចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង» ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ស្របពេលដែលឆ្នាំ២០២៤ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន»

លោករដ្ឋមន្រ្តីក៏បានគូសរំលេចនូវការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោករដ្ឋមន្រ្តីក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សភាពការណ៍ពិតនៅកម្ពុជា ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។

ក្រសួងទេសចរណ៍ក៏បានរៀបចំពន្លាទេសចរណ៍ ដែលមានទំហំ១០៨ម៉ែត្រការ៉េ ក្រោមការរចនាប្រកបដោយភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត។

បន្ថែមពីលើនេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា (Cambodia Tourism Promotion Conference) ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងការរៀបចំឱ្យមានជាជំនួបផ្តួរផ្គងធុរកិច្ច (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងប្រតិបត្តិការទេសចរណ៍ចិន ដើម្បីបង្កើនទំនាក់ទំនង (Networking) និងជំរុញការរៀបចំ និងលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសំបូរបែប និងទាក់ទាញ។

លោករដ្ឋមន្រ្តីបានអនុញ្ញាតជូនលោក កាន លីន (Gan Lin) ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍តំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃតំបន់ស្វយ័តក្វាងស៊ី និងការកៀរគរទេសចរចិនមកកម្ពុជា។ បន្ថែមលើនេះ ភាគីកម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើថ្នាលទេសចរណ៍ឆ្លាតវៃ (Smart Tourism Platform) ដែលនឹងតភ្ជាប់ទីក្រុងគួយលីនជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានអនុញ្ញាតជូនក្រុមហ៊ុនទេសចរណ៍សំខាន់ៗចំនួន៣ផ្សេងទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលរួមមាន៖ ទី១-ក្រុមហ៊ុន Hainan Wehua Air Tourism Group, ទី២-ក្រុមហ៊ុន GuangXi Sunrise International Travel Service Co.,LTD និងទី៣-ក្រុមហ៊ុន Guilin TianHe International Travel Service Co.,LTD។ ក្រុមហ៊ុនទាំងនេះ សន្យានឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជា ឱ្យបានជ្រួតជ្រាបពេញលេញ ទៅដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងគួយលីន និងក្នុងតំបន់ស្វយ័តក្វាងស៊ីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋចិន នៅបណ្តាខេត្តក្រុងផ្សេងទៀតរបស់ចិន ព្រមទាំងជំរុញការរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកម្ពុជា និងខេត្តសៀមរាបឱ្យបានកាន់តែច្រើន ជាពិសេសជំរុញការចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួន នៅខេត្តសៀមរាបក្នុងក្របខណ្ឌនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។

ជារួម ដំណើរបេសសកម្មក្រៅប្រទេសលើកដំបូង របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅដោយជោគជ័យ និងបាននាំមកនូវផ្លែផ្កាគួរជាទីកត់សម្គាល់ សម្រាប់វិស័យទេសចរណ៍កម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយភាគីចិន ពិសេសជាមួយតំបន់ស្វយ័តក្វាងស៊ី និងទីក្រុងគួយលីន ព្រមទាំងការផ្សព្វផ្សាយកម្ពុជាទៅទីផ្សារអាស៊ាន-ចិនកាន់តែទូលំទូលាយ៕