(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈទាំងសេវាសាធារណៈ និងឯកជន។

សូមជម្រាបថា ក្នុងកិច្ចប្រជុំខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកមកបង្ហាញអំពីខ្លឹមសារ នៃអត្ថន័យបទ «នគររាជ» បទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និពន្ធដោយ ព្រះសង្ឃរាជជួនណាត ដែលជាបទចំរៀងជាតិខ្មែរ និងដួងព្រលឹងជាតិ បង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង ថ្កើនថ្កាននៃជាតិខ្មែរទាំងមូល ដែលក្នុងនោះក៏បានធ្វើការច្រៀងផ្ទាល់ផងដែរ៕