(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំង​មាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់​បិណ្ឌ​ទី១០ នៅ​វត្តបទុមវតី។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា តែងប្រារព្ធធ្វើ​ឡើង​ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បី​ទ្រ​ទ្រង់​​ព្រះ​សង្ឃ​គង់ចាំព្រះវស្សាតាមទីអារាមក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ មួយវិញទៀត ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការបង្ហាញនូវកតញ្ញូគុណចំពោះអ្នកមានឧបការ​គុណ​រួម​មានឪពុកម្តាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាចារ្យជាដើម។ បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលកូនចៅជួបជុំធ្វើបុណ្យនៅតាមទីអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់​ជីដូន​ជីតា និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រា​បុត្រី ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានរៀបចំធ្វើឡើងជាលំដាប់លំដោយតាម​លំអានប្រពៃណី​របស់​ខ្មែរ។ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិក​ទាំង​អស់ បានជួបជុំគ្នាសូត្រមន្ត។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជា​ទៀន​ធូប និងផ្កាផ្ញីថ្វាយដល់ព្រះរតនត្រ័យ។ បន្ទាប់មកលោកតាអាចារ្យបានដឹកនាំនមស្សការសមាទានសីល និង​និមន្ត​ព្រះសង្ឃសូត្រមន្តបន្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន។

ក្រៅតែពីសូត្រមន្តបង្សុកូលហើយនោះ ព្រះសង្ឃ ដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធាន​លេខា​ធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ បានសូត្រពុទ្ធ​ជ័យ​ប្រោសព្រំ​ប្រសិទ្ធ​ពរ​ជ័យសិរីមហាប្រសើរកើតមានដល់លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បុគ្គលិកប្រុសស្រី គ្រប់រូបដែលមានសទ្ធាជ្រះថ្លា ចូលរួមកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។

បន្ទាប់ពីការរៀបចំពិធីសូត្រមន្តរួចរាល់ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បាននិមន្តព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល សម្តែងព្រះធម្មទេសនាស្តីអំពី «អរិយទ្រព្យ៧យ៉ាង»។ ទ្រព្យដ៏ប្រសើរទាំង៧ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកមកនោះរួមមាន៖ ១) សទ្ធា​ធ​នំ ទ្រព្យ គឺ​សទ្ធា, ២) សីល​ធ​នំ ទ្រព្យ គឺ​សីល, ៣) ហិរិ​ធ​នំ ទ្រព្យ គឺ​សេចក្តី​ខ្មាស​បាប, ៤) ឱត្តប្ប​ធ​នំ ទ្រព្យ គឺ​សេ​ច​ក្តី​ខ្លាច​បាប, ៥) សុត​ធ​នំ ទ្រព្យ គឺ​សេចក្តី​ចេះ​ដឹង ចំណេះដឹង ការ​សិក្សា​រៀនសូត្រ​ច្រើន, ៦) ចាគ​ធ​នំ ទ្រព្យ គឺ​ការ​ចេះ​​បរិច្ចាគ​ទាន​ដល់​ក្រុម​ជន​ក្រីក្រ លំបាក​ទុគ៌ត​ឬ ពួក​សមណៈ អ្នកបួស និង​៧) បញ្ញា​ធ​នំ ទ្រព្យ គឺ​បញ្ញា សេចក្តី​ឈ្លាសវៃ។

ក្នុងឱកាសសម្តែងព្រះធម៌ទេសនានោះ ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ក៏បានមានព្រះពុទ្ធដីកាកោតសរសើរ​ចំពោះ​លោកអ្នក​ឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាព្រះពុទ្ធ​សាស​និកជន ដែលមានសទ្ធាយ៉ាង​មុត​មាំ​ចំពោះព្រះពុទ្ធសាសនា ហើយតែងបានលះបង់ទ្រព្យធនរបស់ខ្លួនជួយទ្រទ្រង់ដល់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។

 លុះដល់ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេន​ទេយ្យ​ទាន​មានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។ បន្ទាប់ពីនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បាន​រួម​គ្នាធ្វើពិធីរាប់បាត្រ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោកតាអាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និង​ទេយ្យ​ទាន​ទាំងឡាយប្រគេនដល់ព្រះសង្ឃ ព្រមទាំងបានឧទ្ទិសមហាកុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល។

ក្នុងពិធីកាន់បិណ្ឌទី១០នេះ ក្រៅតែបំពេញទានតាមលំអានប្រពៃណីព្រះពុទ្ធសាសនាហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបំពេញទានជាមួយលោកតាលោកយាយ ក៏ដូចជា​សិស្សា​នុសិស្ស​ដែល​កំពុងស្នាក់នៅក្នុងវត្តផងដែរ។ ពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវបានបញ្ចប់ទៅដោយបរិយាកាស​​សប្បាយ​រីករាយ​ និងពោរពេញដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។

បន្ទាប់ពីបានបំពេញកិច្ចនានាក្នុងពិធីបុណ្យកាន់បិណ្ឌរួចហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បានអញ្ជើញក្រាបបង្គំទូលសួរសុខទុក្ខ​សម្តេចព្រះមហា​សុមេ​ធា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីកាន់បិណ្ឌទី១០នេះ ទេយ្យទានដែលលោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងក្រុម​គ្រួសារ និងបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ប្រគេនដល់ព្រះសង្ឃនោះរួមមាន៖ អង្ករ២តោន មី១៨កេស ស្ករស៥បាវ ទឹកដោះគោ៥កេស ទឹកសុទ្ធ៥០កេស ទឹកក្រូច២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ត្រីខ៥កេស អំបិល២០គីឡូ បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៤០លានរៀល។

ក្រៅពីនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានប្រគេនបច្ច័យដល់ សម្ដេចព្រះមហា សុមេធាធិបតី នន្ទ ង៉ែត ១២លានរៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៦លានរៀល ព្រះគ្រូសូធ្យឆ្វេង ២លានរៀល ព្រះសង្ឃសូត្រមន្ត និងតាជីយាយជី-សិស្ស-និស្សិត ៤៨២អង្គ/នាក់ ដែលសរុបជាថវិកាចំនួន ១៩៣,១០០,០០០រៀល៕