(ព្រះសីហនុ)៖ នាវាចម្បាំង របស់ចក្រភពអង់គ្លេស HMS SPEY បានមកទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ ជាកន្លែងដែលនាវានេះ បានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រួមគ្នារយៈពេល២ថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា។

លោក Paul Caddy មេបញ្ជាការនៃនាវា HMS Spey បានដឹកនាវិករបស់គាត់ ចូលរួមជាមួយ កងទ័ពជើងទឹកកម្ពុជា សម្រាប់ធ្វើសមយុទ្ធនៅថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ លំហាត់សមយុទ្ធនេះគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យ និងលំហាត់នានាជាច្រើនទៀត។

មេបញ្ជាការ Paul Caddy បានថ្លែងថា៖ «ការហ្វឹកហ្វឺនទ្វេភាគី ដែលយើងបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា»

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា៖ «ពេលដែលខ្ញុំឈរលើកចុងក្រោយនៅលើនាវា HMS Spey ក្នុងក្រុងព្រះសីហនុ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០២៣ ពួកយើងពិតជារំភើបជាមួយនឹងទំនាក់ទំនងលើវិស័យការពារជាតិថ្មីនេះ។ យើងបានតែងតាំងអនុព័ន្ធយោធាអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០២២។ នាវា HMS Spey គឺជានាវាចក្រភពអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៦៥ឆ្នាំ ហើយនៅពេលនោះ មានជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលានាយទាហានជាន់ខ្ពស់របស់ចក្រភពអង់គ្លេស Sandhurst។ ជាងមួយឆ្នាំកន្លះមកនេះ យើងនៅតែបន្តទំនាក់ទំនងការពារជាតិរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង»

ចក្រភពអង់គ្លេសមើលឃើញថា កម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ ហើយយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ។ យើងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូរបស់យើងជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

ការហ្វឹកហ្វឺនលំហាត់សមយុទ្ធកាលពីថ្ងៃអង្គារ រួមមានទ្រឹស្ដីការធ្វើនាវាចរណ៍ និង Man Overboard Exercise ដោយប្រើកប៉ាល់សមុទ្ររបស់នាវា HMS Spey រួមជាមួយជំនួយសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការនេះរួមមានការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។

ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ និងបានកោតសរសើរចំពោះកិច្ចសហការនេះ។

លោកបានមានប្រសាសន៍ថា៖ «យើងសូមអរគុណចំពោះឱកាសហ្វឹកហាត់ជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស ខណៈពេលដែលនាវា HMS SPEY ចូលចតនៅខេត្តព្រះសីហនុ។ នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានធ្វើមកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់របស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះយើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ។ យើងសូមជូនពរឱ្យនាវិករបស់នាវា HMS SPEY និង Commander Caddy មានសុខភាពល្អ ជោគជ័យ និងសុវត្ថិភាពសម្រាប់បេសកកម្មរបស់ពួកគេ ហើយយើងទន្ទឹងរង់ចាំទទួលពួកគេម្តងទៀតនៅឆ្នាំ២០២៥»

ក្រៅពីការហ្វឹកហ្វឺន កងទ័ពជើងទឹកទាំងពីរបានចំណាយពេលវេលារួមគ្នាដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ នៅរសៀលថ្ងៃពុធ កងទ័ពជើងទឹកទាំងពីរបានជួបគ្នាដើម្បីប្រកួតបាល់ទាត់មិត្តភាព។ ល្ងាចនោះនាវា HMS Spey បានទទួលស្វាគមន៏មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ កងយោធពលខេមរភូមិន្ទ កងទ័ព និងកងរាជអាវុធហត្ថ ដើម្បីចូលរួមពិធីជួមជុំនៅលើនាវា។

នាយឧត្តមសេនីយ៍ យន្ត មីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងក៏មានការអញ្ជើញចូលរួមពីឧត្តមនាវីឯក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីពេលល្ងាចត្រូវបានបញ្ចប់នៅក្នុងពិធីថ្ងៃលិច ដែលជាប្រពៃណីកងទ័ពជើងទឹកក្នុងការគោរពពេលវេលា។

ដំណើរទស្សនកិច្ចលើកទីពីររបស់នាវា HMS SPEY ទៅកាន់ខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃទំនាក់ទំនងការពារជាតិរវាងចក្រភពអង់គ្លេស និងព្រះរាជាការចក្រកម្ពុជា។ កាលពីឆ្នាំមុនយើងបានឃើញនិស្សិតកម្ពុជាដំបូងដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា Sandhurst (Royal Military Academy Sandhurst) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេសសម្រាប់នាយទាហាន៕