(ណានជីង, ចិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបោសសម្អាតមីនដល់កម្ពុជា និងឡាវ ឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងការបរទេស ក្រសួងការពារជាតិ និងសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្រ្តកងទ័ពរំដោះប្រជាជនចិន។

វគ្គហ្វឹកហ្វឹកមានរយៈពេល៣ខែ បានផ្តល់នូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព និងធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ដែលសិក្ខាកាមទាំងមូលអាចយកទៅប្រើប្រាស់ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

តាងនាមរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្នុងនោះបានផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុ ពង្រឹងជំនាញបោសសម្អាតមីន និងផ្តល់ឧបករណ៍សម្ភារៈបោសសម្អាតមីន អាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោកបានបន្តទៀតថា ប្រទេសចិន គឺជាមួយចំណោមក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបាននឹងកំពុងចូលរួមជួយជ្រោមជ្រែង ទាំងថវិកា សម្ភារបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរួមចំណែកពីប្រទេសចិន កម្ពុជា នឹងអាចទទួលបានជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសបានឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ព្រមទាំងបានស្នើសុំប្រទេសចិន ពិនិត្យលទ្ធភាព និងបន្តជួយឧបត្ថម្ភគាំទ្របន្ថែមដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ទន្ទឹមនឹងនោះ តាងនាមរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងជនរងគ្រោះដោយសារមីនទូទាំងពិភពលោក និងក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាឆ្នាំ២០២៤ បណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រិតភូចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ព្រមទាំងបានស្នើសុំឱ្យមហាមិត្តចិន បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខ និងបន្តគាំទ្រដល់ការអនុវត្តអនុសញ្ញា ទាំងសម្ភារៈ និងការបណ្តុះបណ្តាលធនធានសកម្មភាពមីនជុំវិញពិភពលោក។

មុននឹងបញ្ចប់ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ ចំណងការទូតជាផ្លូវការរវាងប្រទេស និងប្រជាជនកម្ពុជា-ចិន អស់រយៈពេល ៦៦ឆ្នាំ រហូតឈានដល់ការបង្កើត ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងជាពិសេសបានចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕