(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្ទៃដីផ្ទៃដីដំណាំស្រូវជាង ១២,០០៨ហិចតា បានរងការខូចខាតដោយសារគ្រោះទឹកជំនន់។

ថ្លែងប្រាប់បណ្ដាញ Fresh News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២,០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា»។

សូមជម្រាបថា កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវសារសំឡេងពិសេសមួយ ដោយបានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ ចាំបាច់ត្រូវជួយស្តារឡើងវិញ៕