(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Engr. Badr Mohammed Al Meer នាយកប្រតិបត្តិ Qatar Airways Group  នៅទីក្រុងឌូហា ប្រទេសកាតា នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។

អាកាសចរណ៍កាតាអ៊ែវេ បានជាប់ចំណាត់ថ្នាក់​ជាក្រុមហ៊ុនអាកាសចរណ៍ល្អបផុត និងមានព្រលានយន្តហោះដែលល្អបំផុតលើពិភពលោកដែលអាកាសចរណ៍កាតាអ៊ែវេ មានយន្តហោះចំនួន ២៨៤គ្រឿង ក្នុងនោះ មានយន្តហោះដឹកអ្នកដំណើរចំនួន២៣០ គ្រឿង យន្តហោះដឹកទំនិញចំនួន២៩ គ្រឿងនិង Executive, Business Jet Fieet (យន្តហោះពាណិជ្ជកម្មឯកជន)ចំនួន ២៥គ្រឿង។ កាតាអ៊ែវេ បានដឹកជញ្ជូនភ្ញៀវជាង៤៥លាននាក់ ទៅគោលដៅ ១៧៦ នៅឆ្នាំ២០២៣។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាលើទីផ្សារ ដើម្បីពិនិត្យជំរុញជើងហោះហើរ មកកាន់គោលដៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងការធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យហោះហើរ ដឹកជញ្ជូនទំនិញនានា។

ក្នុងឱកាសនោះ លោកបណ្ឌិត បានលើកឡើងថា ពីអតីតកាលកម្ពុជាដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃជាយូរឆ្នាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបទទួលបានសន្តិភាពពេញលេញ ដែលកម្ពុជាបានខិតខំស្ដារប្រទេសជាតិលើគ្រប់វិស័យ ដែលមកដល់ពេលនេះកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក និងបរទេសតាមច្បាប់ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត ពិសេសកម្ពុជា កំពុងជីកព្រែកហ្វូណនតេជោ ដែលនឹងធ្វើឱ្យការដឹកជញ្ជូនរិតតែមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។

លោកបណ្ឌិតបានលើកឡើងបន្តថា បច្ចុប្បន្នកម្ពុជា ក៏កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT "TIA" ) ខ្នាតF4  នៅលើផ្ទៃដីលំហំ ២៦០០ហិកតា គិតត្រឹមខែសីហា សាងសង់បាន ៨៤  ភាគរយហើយ ដែលនឹងចំណាយថវិកាប្រមាណជាង១២០០លានដុល្លារ ដែលដំណាក់កាលទី១ ត្រូវចំណាយថវិកាចំនួន១៥០០លានដុល្លារ គ្រោងនឹងបើកដំណើរការ នៅមុនពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការដោយជំនួសមកវិញនូវអាកាសយាន្តដ្ឋានអន្តរជាតិតេជោនេះ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើឲ្យប្រធាននាយកប្រតិបត្តិ Qatar Airways Group ពិនិត្យលទ្ធភាពជួយគាំទ្រ និងជំរុញទេសចរមូស្លីមមកកាន់គោលដៅកម្ពុ​ជា​ ដែលស្របនឹងក្រសួងទេសចរណ៍​ ដែលបាននឹងកំពុង​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មូស្លីមមក​កម្ពុជា។

បន្ទាប់ពីបានស្តាប់ការរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយលោកទេសរដ្ឋមន្ត្រីខាងលើរួច លោក Engr. Badr Mohammed Al Meer បានបង្ហាញការសាទរជាខ្លាំង ចំពោះការរីកចម្រើនទាំងឡាយនៃសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស។

លោកបានថ្លែងបន្តថា អាកាសចរណ៍កាតាអ៊ែវេ បានជាប់ចំណាត់ថ្នាក់​ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតជាប់ៗគ្នាចំនួន៨លើករួចមកហើយ រួមទាំងនៅឆ្នាំ២០២៤នេះផងដែរ ហើយព្រលានយន្តហោះ Hamad International Airport (HIA) ដែលជាព្រលានរបស់អាកាសចរណ៍កាតាអ៊ែវេ ក៏បានជាប់ចំណាត់ថ្នាក់ ជាព្រលានល្អបំផុតលើពិភពលោក ចំនួន៣លើកផងដែរ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពជួយជំរុញទេសចរណ៍មូស្លីមមកកាន់គោលដៅកម្ពុ​ជា​នាពេលខាងមុខ ព្រោះកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព មានតំបន់ទេសចរណ៍ និងផ្តល់ភាពងាយស្រួលដល់​ អ្នកទេសចរផងដែរ និងធ្វើកិច្ចសហប្រតិបត្តិការហោះហើរនឹងព្រលានថ្មី និង ពិនិត្យក្នុងការហោះហើរបន្ថែមទៅព្រលានយន្តហោះសៀមរាប ។

សូមជម្រាបជូនថា កន្លងមកអាកាសចរណ៍កាតា​អ៊ែវេ បានធ្វើការដឹកជញ្ជូនជាច្រើន ជូនដល់អ្នកធ្វើដំណើរទាំងអស់ ដោយការ ប្រកួតប្រជែង សេវាល្អទៅគ្រប់ទ្វីបទឈងអស់នៅលើពិភពលោក ដែលមាន១៧៦គោលដៅ ក្នុងនេះក៏មានកម្ពុជាមួយគោលដៅផងដែរ៕