(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនមានពិការភាពចំនួន១០០គ្រួសារ ដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ។ ការផ្តល់ជូនអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានលោក សក់ ច័ន្ទកាញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ រួមនិងលោកស្រី អ៊ុក ថាវី ប្រធានអនុសាខា កាកបាទក្រហមខណ្ឌពោធិសែនជ័យ និងវត្តមាននិមន្តចូលរួមពីព្រះមុនីកោសល្យ វ៉ង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន នៅក្នុងបរិវេន្តវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។

លោក សក់ ច័ន្ទកាញារិទ្ធ បានពាំនាំនូវការសាកសួរសុខទុក្ខសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាជនក្រីក្រ ជនចាស់ជរា ជនមានពិការភាព កំពុងជួបទុក្ខលំបាក ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយ អ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច។

លោក សក់ កាញារិទ្ធ បានឲ្យដឹងថា តាមរយៈអំណោយបានយកមកជូននាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់កាកបាទក្រហមកម្ពុជា ដែលមានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យជាសេនាធិកា និងមានការ ចូលរួមពី ព្រះសង្ឃ សប្បុរសជន នានាស្ថិតក្នុងមូលដ្ឋានខណ្ឌ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះសម្ភារ ក៏ដូចជាកត្តាផ្សេងៗដូចជា ត្រូវពិនិត្យមើលទៀនធូប មុននិងចេញដំណើរចាកចេញពីផ្ទះ និងឧស្សាហ៍ត្រួត ពិនិត្យមើលខ្សែភ្លើងចាស់ ដែលអាចបង្កឲ្យមានការឆ្លងចរន្តអគ្គិសនី ដើម្បីកុំឲ្យមានការឆាបឆេះបង្កើតជាអគ្គិភ័យ ដែលបានកើតឡើងជាយថាហេតុ។

ព្រះមុនីកោសល្យ វ៉ង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន បានមានសង្ឃដីកា ចម្រើនពរទៅដល់ញាត្តិញោមទាំងអស់ ដែលបានមកទទួលនូវអំណោយសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា នៅថ្ងៃនេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ និងបានចម្រើនពរលោក សក់ កាញារិទ្ធ ដែលជ្រើសយកថ្ងៃកំណើតរបស់ខ្លួនរៀបចំជាអំណោយសម្រាប់ផ្តល់ជូនដល់ញាត្តិញោមទាំង១០០គ្រួសារ នាពេលនេះ ដែលជាការចូលរួមចំណែក និងទទួលបានបុណ្យកុសលច្រើនណាស់ ដែលបានជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សម្តេចព្រះមុនីកោសល្យ បានផ្តល់បន្ថែមជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនមានពិការភាពចំនួន១០០គ្រួសារ ដែលមានវត្តមាននៅទីនេះ ដោយក្នុងមួយគ្រួសារទទួលវានថវិកា២មុឺនរៀលបនកថែម សរុបទាំងអស់ចំនួន២លានរៀល។

គូសបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១កេស មីមួយកេស ទឹកត្រី១យួរ ថ្នាំសង្កូវ រួមនិងថវិការបស់កាកបាទក្រហម៥ម៉ឺនរៀល និងថវិការព្រះចៅអធិការ វត្តជម្ពូវ័ន២ម៉ឺនរៀល សរុបក្នុងមួយគ្រួសារ៧ម៉ឺនរៀលផងដែរ៕