(ភ្នំពេញ)៖ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ នៅតាមទីអារាមទាំង២៤វត្ត ទូទាំងខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដាក់ចេញជាផែនការអនុវត្តអោយបានល្អប្រសើរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមកធ្វើបុណ្យដោយទឹកចិត្តជ្រះថ្លា ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជំបិណ្ឌ។ មិនតែប៉ុណ្ណោះបញ្ហាបរិស្ថាន អនាម័យ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយព្រះគ្រូចៅអធិការទាំង២៤វត្ត រៀបចំបានយ៉ាងល្អប្រសើរ។

ជាថ្មីម្ដងទៀត ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤, លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានណែនាំឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ បន្តសហការគ្នាឱ្យបានល្អ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមកធ្វើបុណ្យនៅទីអារាម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាសង្ស័យមួយចំនួនចូលមកក្នុងវត្តបើមានការសង្ស័យ សូមឃាត់ខ្លួនយកមកសាកសួរដើម្បីកុំឱ្យមានការរំខានដល់ពិធីបុណ្យ។ ចំណុចមួយទៀតសូមឱ្យយកចិត្តទុកដាក់ពិនិត្យតាមដានរាល់សកម្មភាពចេញចូលរបស់បុគ្គលមួយចំនួនដែលឆ្លៀតឱកាសចូលរួមក្នុងពិធីបុណ្យ តែបែរជាមកធ្វើសកម្មភាពល្មើសច្បាប់ក្នុងន័យបង្កអសន្ដិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថ្លែងនៅក្នុងកិច្ចប្រជុំរួមរវាងផ្នែកពុទ្ធចក្រ និងអាណាចក្រ លោក ចេង មុនី បានថ្លែងនៅក្នុងអង្គប្រជុំដូច្នេះថា៖ «ចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃភ្ជុំបិណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់រួមគ្នាការពារសន្តិសុខសាធារណៈ រៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ នៅតាមទីវត្តអារាមឱ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីត្រៀមទទួលពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមកធ្វើបុណ្យក្នុងពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចូលរួមកិច្ចការងារនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការរៀបចំទីវត្តអារាមអោយមានសោភ័ណភាព។»

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរៀបចំចាត់ចែងរួចជាស្រេច សម្រាប់ការពារសន្តិសុខសុវត្ថិភាព ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលលោកបាន មកធ្វើបុណ្យនៅទីវត្តអារាម ដើម្បីផ្តល់ភាពកក់ក្តៅដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមកធ្វើបុណ្យប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន។

ផ្ដើមចេញពីការយកចិត្តទុកដាក់របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យនៅតាមទីអារាម បានធ្វើឱ្យព្រះគ្រូចៅអធិការគ្រប់វត្ត មានការកក់ក្តៅលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ ព្រះគ្រូចៅអធិការវត្ត ក៏បានថ្លែងអំណរគុណដល់លោក ចេង មុនីរ៉ា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីអារាមទាំង២៤ ចាប់តាំងពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ៕