(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមថែរក្សាវត្តបុរាណ និងទីតាំងប្រវត្តិសាស្រ្តនានាដែលបុព្វបុរសដូនតាបានបន្សល់ទុក ដើម្បីបញ្ជាក់អត្តសញ្ញាណជាតិរបស់ខ្មែរ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តនៅវត្តអង្គក្រូច ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានលើកឡើងថា ទីវត្តអារាមបុរាណ ជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាមត្រូវ បានចាត់ទុកថាជាកន្លែងដែលថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរផងដែរ ដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ពិសេសពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារអោយបាន និងអភិរក្សវត្តចាស់ ហើយចូលរួមកសាងវត្តថ្មីៗឲ្យកាន់តែច្រើនបន្ថែមទៀដើម្បីជាសារៈប្រយោជន៍ ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់ ចេះស្រឡាញ់សាសានា វប្បធម៌ប្រពៃណីជាតិយើង។

លោកបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានក្រើនរំលឹកដល់អាជ្ញាធរ ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងស្រុកបូរីជលសារ ដែលរស់នៅតាមតំបន់ព្រំដែន ត្រូវចេះថែរក្សាទុកកេរ្តិ៍ដំណែលចាស់ៗនិងបន្តបង្កើតឲ្យមានវត្តអារាម នៅសងខាងផ្លូវ ខ្សែក្រវាត់ព្រំដែន ក្នុងមូលដ្ឋានដែលវាជាការបង្ហាញអំពីឆន្ទៈស្មារតីស្រឡាញ់ជាតិ ថែរក្សាការពារកេរ្តិ៍តដំណែលដូនតា ពិសេសដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ សម្រាប់យុវជនបន្តវេនជំនាន់ក្រោយទៀត។

គួបញ្ជាក់ថា ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១០ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ លោកបណ្ឌិត និងលោកស្រី បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល និងយុទ្ធជនស្នេហាជាតិផងដែរ។

នាឱកាសនោះ លោកបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានប្រគេន និងជូនបច្ច័យដល់ព្រះចៅអធិការ ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទ កម្លាំងប៉ូលីស និងប្រជាការពារផងដែរ៕