(ក្រចេះ)៖ ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ បានឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ាស៊ីនទូកអ្នកភូមិ បានសម្រេចរួចបន្តទៅលួចហិបលុយពីក្នុងវត្តបន្តទៀត។
លោកវរសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា ក្មេងស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញ ហើយត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពលួចពីរករណីផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤មានក្មេងស្ទាវចំនួន៦នាក់ បានធ្វើសកម្មភាពលួចម៉ាស៊ីនទូករបស់អ្នកភូមិ នៅចំណុចភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះយកទៅលក់អេតចាយ បានលុយចំនួន ៧០,០០០រៀល។ លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមក្មេងស្ទាវដ៏ដែលក៏បានទៅលួចហិបលុយពុទ្ធបូជា នៅក្នុងវត្តព្រះវិហារលាវ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ។
ជនសង្ស័យ១៖ ឈ្មោះ ផល ផាត់ណា ហៅ ពូជ ភេទប្រុស អាយុ១៦ឆ្នាំ, ទី២៖ ឈ្មោះ ឈួន សុខឃាន ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣៖ ឈ្មោះ ពល ភារ៉ុង ហៅម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៤៖ ឈ្មោះ ខោម សាវើន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥៖ ឈ្មោះ គឿន សុីណា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦៖ ឈ្មោះ ខុំ ម៉ាណែត ភេទប្រុស អាយុ១៥ឆ្នាំ និងទី៦៖ ឈ្មោះ សុខ ចាន់ថាន ភេទប្រុស អាយុ១៦ឆ្នាំ។
ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕