(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំប្រឹងប្រែងរំលឹកមេរៀន និងគោរពតាមបទប្បញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ថ្នាក់ដឹកនាំក្រសួងអប់រំ មានប្រសាសន៍យ៉ាងដូច្នេះថា «សូមលើកទឹកចិត្តឲ្យក្មួយៗជាបេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងរំលឹកមេរៀន ក៏ដូចជាគោរពតាមបទបញ្ញត្តិ ការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ»។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ប្រសិនបើរកឃើញថាបេក្ខជន រំលោភទៅលើបទប្បញ្ញត្តិ គឺក្រសួងនឹងអនុវត្តតាមគោលការណ៍បញ្ញត្តិដែលបានដាក់ចេញ។

ជាពិសេស រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកទឹកចិត្ត ដល់គណៈមេប្រយោគ និងគណៈកម្មការនានា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ត្រូវបំពេញតាមតួរនាទីភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតី មនសិការវិជ្ជាជីវៈ ធានាបាននូវប្រសិទ្ធភាព ដើម្បីជោគជ័យនូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងដើម្បីអនាគតយុវជនជំនាន់ក្រោយរបស់យើង៕