(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុង ការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ការណែនាំជាថ្មីរបស់សម្តេចមហាបវរធិបតី ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីពាក់ព័ន្ធមានដូចជា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីធ្វើការអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យ ជាប់ជាមួយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់ វិធានការសមស្រប ជាមួយនឹងការត្រៀមកម្លាំង និងមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម។

សម្តេចបានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងបរិក្ខារចាំបាច់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានឱ្យជាប់ជាប្រចាំ អំពីការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាល រាជធានី-ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចបវរធិបតីក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាត ដល់ដំណាំរបស់ប្រជាពលរដ្ឋ និងដែលចាំបាច់ត្រូវជួយស្ដារឡើងវិញ។

សូមជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រហូតមកទល់ពេលនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២,០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា៕