(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។
នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមសេចក្ដីប្រកាសព័ត៌មាន, ដើម្បីប្រារព្ធព្រះរាជពិធីនេះ ដោយជោគជ័យ សម្តេចបវរធិបតី បានណែនាំឲ្យគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់បណ្តាខេត្តក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើន ដើម្បីក្រុមហ៊ុនទេសចរណ៍ អាចលក់កញ្ចប់ទេសចរណ៍ ក្នុងស្រុកបាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរៀបចំ អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើង តាំងពីបរមបុរាណយូរលង់ណាស់មកហើយ។
ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ការរៀបចំបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីបុរាណ-សម័យ និងសម្ដែងសិល្បៈទាំង៣រាត្រី៕