(ប៉េកាំង)៖ គណៈប្រតិភូសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានបន្តបេសកម្មរបស់ខ្លួន ក្នុងស្វែងរកអាហារូបករណ៍បន្តការសិក្សានៅប្រទេសចិន។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិត លោកស្រី លី ស៊ានលីន ទីប្រឹក្សាជាន់ខ្ពស់សមាគមនិស្សិត ព្រមទាំងសហការី បានបន្តចុះបេសកម្មភាពជួបជាថ្នាក់ដឹកនាំសាកលវិទ្យាល័យល្បីៗមួយចំនួននៅទីក្រុងប៉េកាំងសរុប៩រួមមាន៖ Beijing Language and Culture University, Beijing Technology and Business University, Beijing Institute of Technology, Beihang University, University of International Business and Economics, Beijing Chinese Language and Culture College, Central University of Finance and Economics, Beijing Foreign Studies University និង China University of Geosciences, Beijing។
នៅក្នុងជំនួបតាមសាកលវិទ្យាល័យនីមួយៗ គណៈប្រតិភូសមាគម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ ព្រមទាំងទទួលកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងការជំរុញកំណើននិស្សិតកម្ពុជា មកសិក្សានៅទីក្រុងប៉េកាំង តាមរយៈការផ្តល់អាហារូបករណ៍ ថ្នាក់ភាសាចិនមួយឆ្នាំ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត រួមទាំងគម្រោងការផ្លាស់ប្តូរ រវាងយុវជនកម្ពុជាចិនផងដែរ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំសមាគម បានចុះសួរសុខទុក្ខនិស្សិត នៅតាមសាកលវិទ្យាល័យមួយចំនួន ព្រមទាំងបានរៀបចំសិក្ខាសាលា ស្តីពីការតម្រង់ទិសឱកាសការងារ និងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដល់និស្សិតដែលកំពុងសិក្សា នៅទីក្រុងប៉េកាំងផងដែរ។
លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម លើកឡើងអំពីការចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសនិស្សិតដែលមានឱកាសទទួលអាហារូបករណ៍ មកសិក្សានៅប្រទេសចិន ដែលកើតចេញពីកិច្ចសហប្រតិបត្តិ និងចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-ចិន។
ក្នុងឱកាសទស្សនកិច្ច តាមសាកលវិទ្យាល័យនៅទីក្រុងប៉េកាំង លោក អ៊ុំ វុទ្ធទី ត្រូវបានផ្តល់កិត្តិយសតែងតាំងជា ឯកអគ្គរដ្ឋទូតអតីតនិស្សិតបរទេសនៃសាកលវិទ្យាល័យ (海外校友大使) ដែលផ្តល់ជួនលោកស្រីសាស្ត្រចារ្យ LEI YALIN លេខាបក្ស (北京中国地质大学的雷涯邻书记)នៃសាកលវិទ្យាល័យ China University of Geosciences, Beijing។
ទន្ទឹមគ្នានេះដែរ លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានរំលេចថា តាមរយៈដំណើរទស្សនកិច្ច នៅតាមសាកលវិទ្យាល័យ ដែលសមាគមនិស្សិតបានធ្វើកន្លងមក បានបើកផ្លូវកាន់តែទូលំទូលាយដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ក្នុងការស្នើសុំអាហារូបករណ៍មកបន្តការសិក្សានៅប្រទេសចិន។
លោកប្រធានក្រុមប្រឹក្សាភិបាល បានស្នើសុំថ្នាក់ដឹកនាំសាកលវិទ្យាល័យថា នៅពេលមានឃើញនិស្សិត ឬមន្ត្រីរាជការកម្ពុជាស្នើសុំអាហារូបករណ៍ សូមមេត្តាទទួលពួកគាត់ដោយក្តីអនុគ្រោះបំផុត ទោះបីជាពួកគាត់ មិនស្នើសុំតាមរយៈសមាគមនិស្សិតក៏ដោយ។ តាមរយៈការសង្កេតនាពេលកន្លងមកនេះ គណៈប្រតិភូសមាគមនិស្សិតACSC បានចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងវិទ្យាស្ថានសរុបមានចំនួន២៨ នៅទីក្រុងប៉េកាំង ទីក្រុងឆុងឈីង ខេត្តក្វាងទុង ខេត្តហៃណាម ខេត្តយូណាន ខេត្តហូណាន ខេត្តក្វាងស៊ី ខេត្តហ៊ូប៉េ និងខេត្តអានហួយ។
លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគម បានលើកឡើងថា និសិ្សតកម្ពុជាសិក្សានៅប្រទេសចិន មានការធ្លាក់ចុះយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារកត្តាមួយចំនួនដូចជា សាកលវិទ្យាល័យតម្រូវឱ្យពន្យារ ពេលសិក្សារយៈពេលវែង ដោយមិនអាចកំណត់ពេលច្បាស់លាស់, សាកលវិទ្យាល័យទូទាំងប្រទេសចិន តម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញ និង ការមិនទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់ពេលសិក្សាតាមអនឡាញជាដើម ធ្វើឱ្យនិស្សិតកម្ពុជាបាក់ទឹកចិត្ត រហូតដល់បង្ខំចិត្តឈប់បន្តការសិក្សានៅប្រទេសចិន។ ក៏ប៉ុន្តែ ក្រោយដើមឆ្នាំ២០២៣ នៅពេលដែលប្រទេសចិន បើកប្រទេសពេញលេញឡើងវិញ និស្សិតកម្ពុជាទាំងចាស់ ទាំងថ្មី បានចាប់ផ្តើមវិលមកបន្តការសិក្សា នៅប្រទេសចិនវិញ ប៉ុន្តែចំនួននិស្សិតកម្ពុជា នៅប្រទេសចិននៅមិនទាន់មានកំណើនខ្លាំងនៅឡើយ ដូច្នេះ តាមរយៈបេសកម្មរបស់សមាគម ក្នុងស្វែងរកអាហារូបករណ៍បន្តការសិក្សា នៅប្រទេសចិនដែលបានបញ្ចប់នាពេលថ្មីៗនេះ សមាគមសង្ឃឹមថានឹងអាចរួមចំណែកជាកាតាលីករ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស លើគ្រប់វិស័យឱ្យប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសកម្ពុជា ដែលការអភិវឌ្ឍមូលធនមនុស្សនេះ គឺស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តីទី៧ ក្រោមការដឹកកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕