(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា ពុង ឃាវ សែ ជួបសម្តែងការគួរសម និងប្រគល់ថវិកាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងស្របតាមសំណូមពររបស់​ប្រជា​ពលរដ្ឋ ដើម្បីបានរួមចំណែកអភិវឌ្ឍន៍តាមព្រំដែន ជាពិសេសកសាងផ្លូវក្រវាត់ព្រំដែន។

បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់ហើយ បានចូលរួមបរិច្ចាគថវិកាទ្រទ្រង់ដល់មូលនិធិនេះ ជាមួយថវិការង្វង់ប្រមាណ២១លានដុល្លារអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ចប់ទទួលការចូលរួមរបស់ប្រជាពលរដ្ឋនៅខែតុលាខាងមុខនេះ៕